ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បាញ់ផ្លោងដាក់តំបន់ Donetsk ក្រោយបទឈប់បាញ់គ្នា របស់រុស្ស៊ីចូលជាធរមាន មិនបាន១នាទីផង

បរទេស៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនមិនគោរព បទឈប់បាញ់បុណ្យណូអែល ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តិចជាងមួយនាទីបន្ទាប់ពី បទឈប់បាញ់នេះបានចូលជាធរមាន ដោយការបាញ់ផ្លោងតំបន់លំនៅដ្ឋាន មួយនៅក្នុងទីក្រុង Donetsk នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។ បទ​ឈប់​បាញ់​ត្រូវ​អូស​បន្លាយ​ ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៦ មករា រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​៧ មករា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃសុក្រ មជ្ឈមណ្ឌលរួមសម្រាប់ការគ្រប់គ្រង និងសម្របសម្រួល (JCCC) ដែលជាក្រុមតាមដានការវាយប្រហារលើតំបន់ Donbass របស់រុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាញ់ផ្លោងចំនួន ៦គ្រាប់ទំហំ ១៥៥ មីលីម៉ែត្រ តម្រង់ទៅលើសង្កាត់ Petrovsky នៅភាគខាងលិចនៃទីក្រុង ប៉ុន្តែគ្មាន​អ្នក​ស្លាប់​ត្រូវ​បាន ​គេ​រាយការណ៍​ឡើយ​ ។

អ៊ុយក្រែនបានធ្វើវាយប្រហារពី ដែនអាកាសតិចជាងមួយនាទី បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន យោងតាម JCCC ដោយបន្ថែមថា កន្លះម៉ោងក្រោយមក ការវាយប្រហារតាមអាកាសមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅក្នុងតំបន់ ដូចគ្នាជាមួយនឹងគ្រាប់ ១៥៥មីលីលីត្រ។

សូមជម្រាបថា នៅថ្ងៃសុក្រ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទោះបីជាមានការអនុលោម ដោយកងកម្លាំងរបស់ទីក្រុងមូស្គូ ជាមួយនឹងបទឈប់បាញ់ក៏ដោយ “របបក្រុងគៀវនៅតែបន្តការវាយប្រហារ ដោយកាំភ្លើងធំលើការតាំងទីលំនៅ និងទីតាំងរបស់កងទ័ពរុស្ស៊ី”។ ក្រសួងបានបន្ថែមថា កងកម្លាំងរុស្ស៊ីបានបង្ក្រាបទីតាំង កាំភ្លើងធំជាច្រើនរបស់អ៊ុយក្រែន ដែលបានចូលរួមក្នុងការបាញ់ផ្លោង នៅតាមជួរមុខទាំងមូល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top