ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាត មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានី ភ្នំពេញ ហាមដាច់ខាត មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ​ និងបានណែនាំ៧ចំណុចធំៗ ដល់មន្ត្រីរបស់ខ្លួន ក៏ដូចជាសាធារណជនអនុវត្តន៍ផងដែរ ។

បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ចំណុចអនុវត្តន៍ទាំង៧នោះរួមមាន៖ ១-ហាមដាច់ខាត មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ ។ មិនឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែនភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យមាន​ គ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ។ ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឲ្យដុត លើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ។

៣-អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការ ឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះ គ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់ នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ។

៤-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើ ឲ្យបានទូលំទូលាយ ។

៥-រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យអនុវត្តតាមការណែនាំនេះ ឲ្យមានប្រសិទ្ធភាព ។

៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ។

និង៧- ជនណាបំពានលើសេចក្តីណែនាំ ឬប្រព្រឹត្តល្មើសបង្កឲ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សវុត្ថិភាព និងរៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

To Top