ព័ត៌មានអន្តរជាតិ

តួកគី ប្តេជ្ញាផ្ដល់ជំនួយការទូត ដើម្បីសន្តិភាពជុំវិញ វិបត្តិអ៊ុយក្រែន

អង់ការ៉ា៖ ការិយាល័យប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី បានពិភាក្សា អំពីការអភិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុងវិបត្តិអ៊ុយក្រែន តាមទូរស័ព្ទកាលពីថ្ងៃសុក្រ។

លោក Erdogan បានប្រាប់លោក ហ្សេឡិនស្គី ថា តួកគី ប្តេជ្ញាផ្តល់ជំនួយការទូត សម្រាប់សន្តិភាពយូរអង្វែង រវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍។

មេដឹកនាំតួកគីបានរំលឹកឡើងវិញថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលដំណើរការ និងដើរតួជាអ្នកសម្រុះសម្រួល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Erdogan ក៏បានចូលរួមរំលែកទុក្ខផងដែរ ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃពុធនៅជិតទីក្រុងគៀវ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៦នាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Denys Monastyrsky ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top