ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងមិនទទួលបានជំនួយរថក្រោះ ប្រយុទ្ធ Leopard នោះទេ ដោយសម្ព័ន្ធមិត្ដណាតូ បរាជ័យក្នុងការឈានដល់ ការឯកភាពគ្នា

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបរាជ័យ ក្នុងការយល់ព្រមលើការផ្គត់ផ្គង់រថក្រោះ ប្រយុទ្ធរបស់អាល្លឺម៉ង់ ដែលចង់បានដល់អ៊ុយក្រែន ខណៈដែលរុស្ស៊ីបានចេញការគំរាមកំហែង ដែលសង្រ្គាមអាចនឹងកើនឡើង នៅក្នុងទ្វីបអឺរ៉ុប។

អង្គាការណាតូ និងមេដឹកនាំការពារជាតិ មកពីប្រទេសប្រហែល ៥០ បានជួបប្រជុំគ្នា នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ ដែលជាកិច្ចប្រជុំចុងក្រោយបង្អស់ នៅក្នុងសន្និសីទ ស្តីពីការសន្យាអាវុធជាបន្តបន្ទាប់ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពី ១១ ខែមុន។

មេដឹកនាំអ៊ឺរ៉ុប នៅក្នុងកិច្ចប្រជុំម្តងទៀត បានជំរុញប្រទេសអាល្លឺម៉ង់ ឱ្យផ្តល់ភ្លើងខៀវ សម្រាប់ការបញ្ជូនរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន ដើម្បីជំរុញការវាយបកលើកងកម្លាំង របស់ទីក្រុងម៉ូស្គូ ទោះបីជាមិនមានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងក៏ដោយ។

ការបរាជ័យក្នុងការយល់ព្រមផ្តល់រថក្រោះ អាចបង្ហាញពីការបែកបាក់គ្នា នៅក្នុងអង្គការណាតូ ជុំវិញការផ្គត់ផ្គង់អាវុធបែបនេះ ដល់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបដិសេធថា ទីក្រុងប៊ែកឡាំង មិនបានរារាំងជាឯកតោភាគី ក្នុងការបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន ប៉ុន្តែបានលើកឡើងថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស លើបញ្ហានេះ ប្រសិនបើមានការឯកភាពគ្នា ក្នុងចំណោមសម្ព័ន្ធមិត្ត។

លោកបានលើកឡើងថា “មានហេតុផលល្អសម្រាប់ការចែកចាយ និងមានហេតុផលល្អប្រឆាំងនឹង ហើយដោយមើលឃើញ ពីស្ថានភាពទាំងមូល នៃសង្រ្គាម ដែលបានបន្ត អស់រយៈពេលជិតមួយឆ្នាំ គុណសម្បត្តិ និងគុណវិបត្តិទាំងអស់ ត្រូវតែថ្លឹងថ្លែងដោយប្រុងប្រយ័ត្ន និងឈរលើហេតុផល”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top