ហ្សាកាតា៖ ដោយសារប្រទេសឥណ្ឌូនេស៊ី កំពុងកំណត់គោលដៅទេសចរណ៍អន្តរជាតិ កាន់តែច្រើន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងមានការហោះហើរ ផ្លូវត្រង់បន្ថែមទៀត ពីទីក្រុងនានារបស់ចិន ទៅកាន់កោះរមណីយដ្ឋាន កោះបាលីរបស់ខ្លួន។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសនេះ លោក Sandiaga Uno បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី បានកំណត់គោលដៅទេសចរណ៍ជាង ២៥ម៉ឺននាក់ មកពីប្រទេសចិន នៅឆ្នាំនេះ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន គឺជាជើងហោះហើរត្រង់លើកដំបូង ពីប្រទេសចិន ទៅកាន់កោះបាលី ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជើងហោះហើរជួលដឹកអ្នកទេសចរចិន ២១០នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ក្នុងកោះបាលី ពីទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិន ប្រហែល ២,០៧ លាននាក់បានទៅលេងប្រជុំកោះ នេះបើយោងតាមស្ថិតិឥណ្ឌូនេស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា