អាមេរិកសហការជាមួយបារាំង ស៊ើបអង្កេតករណី Hacker វាយប្រហារប្រព័ន្ធទូទឹកកកនៅមូលដ្ឋានយោធា
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កំពុងចាត់ទុកករណីខូចខាតប្រព័ន្ធទូទឹកកក ជាបន្តបន្ទាប់យ៉ាងអាថ៌កំបាំង ដែលបានធ្វើឱ្យខូចខាតអាហារនៅតាមមូលដ្ឋានយោធានៅទូទាំងសហរដ្ឋអាមេរិកកាលពីខែសីហា ថាជាការសង្ស័យនៃការលួចចូលវាយប្រហារតាមប្រព័ន្ធសាយប័រ (Hack)។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រី ៤រូប ដែលបានដឹងពីបញ្ហានេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
មន្ត្រីម្នាក់ក្នុងចំណោមនោះបានឱ្យដឹងថា អ្នកស៊ើបអង្កេតយោធាអាមេរិកកំពុងទាក់ទងជាមួយសមភាគីបារាំងរបស់ពួកគេ ដើម្បីពិភាក្សាអំពីការវាយប្រហារតាមប្រព័ន្ធសាយប័រស្រដៀងគ្នានេះទៅលើទូទឹកកកពាណិជ្ជកម្ម ដែលបានបង្កការរំខានដល់ប្រតិបត្តិការទីផ្សារទំនើបនៅប្រទេសបារាំងកាលពីដើមខែនេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចបញ្ជាក់បានទេថា ការស៊ើបអង្កេតរបស់មន្ទីរបញ្ចកោណបានដំណើរការដល់កម្រិតណា ឬថាតើពួកគេបានឈានដល់ការសន្និដ្ឋានណាមួយអំពីមូលហេតុពិតប្រាកដ ឬអ្នកដែលអាចទទួលខុសត្រូវលើបញ្ហានេះនៅឡើយទេ។ នៅពេលសួរអំពីការស៊ើបអង្កេតនេះ មន្ទីរបញ្ចកោណបានឆ្លើយតបថា អង្គភាពបញ្ជាការសាយប័រ (Cyber Command) ដែលជាកងកម្លាំងសាយប័ររបស់យោធា កំពុង “ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរទីភ្នាក់ងារ និងស្ថាប័នអនុវត្តច្បាប់” ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ទន្ទឹមនឹងនេះ ផ្នែកស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌនៃកងទ័ពអាមេរិក បានបញ្ជាក់ថា ការិយាល័យសាយប័ររបស់ខ្លួនបានចូលរួមក្នុងប្រតិបត្តិការស៊ើបអង្កេតនេះ ហើយកំពុងធ្វើការសហការជាមួយភ្នាក់ងារអនុវត្តច្បាប់បារាំង ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់អំពី “ការដាច់ប្រព័ន្ធទូទឹកកកនៅអឺរ៉ុប” ផងដែរ។
យោងតាមការត្រួតពិនិត្យរបស់ Reuters លើការបង្ហោះសារតាមបណ្តាញហ្វេសប៊ុក និងការធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់មូលដ្ឋានយោធា បានបង្ហាញថា ភាពរអាក់រអួលនៃប្រព័ន្ធទូទឹកកកកាលពីចុងខែសីហានៅសហរដ្ឋអាមេរិក បានប៉ះពាល់ដល់ហាងលក់ទំនិញ (Commissaries) យ៉ាងហោចណាស់ចំនួន ៦កន្លែង ដែលជាកន្លែងសម្រាប់បុគ្គលិកយោធាទិញម្ហូបអាហារ។ ជារឿងគួរឱ្យកត់សម្គាល់ ក្នុងចំណោមករណីទាំងនោះ មានយ៉ាងហោចណាស់ករណីមួយដែលទូទឹកកកមិនត្រឹមតែឈប់ដំណើរការធម្មតានោះទេ ប៉ុន្តែសីតុណ្ហភាពរបស់ម៉ាស៊ីនត្រូវបានគេដំឡើង (បន្ថយកម្រិតត្រជាក់) ពេញមួយយប់ ដែលបណ្តាលឱ្យអាហារប្រែជាស្អុយរលួយ ឬរលាយខូចខាតយ៉ាងច្រើននៅពេលព្រឹក។
ជាក់ស្តែង គណនីហ្វេសប៊ុករបស់មូលដ្ឋានយោធា
Fort Huachuca ក្នុងរដ្ឋ Arizona បានពន្យល់កាលពីថ្ងៃទី២៦ ខែសីហា ថា ទូទឹកកករបស់ខ្លួន “បានលោតចូលមុខងាររំលាយទឹកកក (Defrost mode) ដែលវាបានផ្តល់កម្តៅដល់អាហារទាំងអស់។ ជឿយើងចុះ ពេលយើងនិយាយថាវាពិតជា ‘ខូចអស់ហើយ’ នោះ។”
គួរបញ្ជាក់ថា ភាពមិនប្រក្រតីនៃប្រព័ន្ធទូទឹកកក និងលទ្ធភាពនៃការបំផ្លិចបំផ្លាញតាមប្រព័ន្ធសាយប័រ (Cybersabotage) ត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី២៨ ខែសីហា ដោយគេហទំព័រប្លុក (Blog) ថ្មីមួយឈ្មោះថា Signal and Silence។ ចំណែកឯការចូលរួមរបស់អ្នកស៊ើបអង្កេតយោធា និងទំនាក់ទំនងរបស់ពួកគេជាមួយភាគីបារាំង ត្រូវបានរាយការណ៍ដោយកាសែត Stars and Stripes របស់អាមេរិក និងកាសែត Daily Telegraph របស់អង់គ្លេស។ ប៉ុន្តែ ព័ត៌មានដែលបញ្ជាក់ថា អ្នកស៊ើបអង្កេតកំពុងចាត់ទុកហេតុការណ៍នេះថាជាការសង្ស័យពីការលួចចូលវាយប្រហារ (Hack) នោះ គឺត្រូវបានចុះផ្សាយនៅទីនេះជាលើកដំបូង៕
ប្រែសម្រួល៖ គីរី
