ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋានភូកុក (Phu Quoc) បើកឱ្យដំណើរការផ្លូវរត់ទី២ ខណៈចំណតអ្នកដំណើរ រចនាម៉ូដរាងសត្វហ្វូនីក (Phoenix) កំពុងលេចរូបរាងឡើង ត្រៀមសម្រាប់កិច្ចប្រជុំ APEC ឆ្នាំ២០២៧

បរទេស៖ អាកាសយានដ្ឋានអន្តរជាតិភូកុក (Phu Quoc) ដែលស្ថិតនៅលើកោះដ៏ធំបំផុត របស់ប្រទេសវៀតណាម បានដាក់ឱ្យដំណើរការ ជាផ្លូវការនូវផ្លូវរត់ទី២ (Runway 2) របស់ខ្លួន សម្រាប់ការហោះហើរពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល ៨ខែ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNExpress ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។

​នៅម៉ោង ៧:០៥នាទីព្រឹក យន្តហោះដំបូងបង្អស់បានចុះចត នៅលើផ្លូវរត់ទី២ នៃអាកាសយានដ្ឋានភូកុក ដែលជាការកត់សម្គាល់ពីការ ចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម របស់ខ្លួន។ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទី២ នេះ អាកាសយានដ្ឋាននឹងបិទផ្លូវរត់ទី១ (Runway 1) ជាបណ្តោះអាសន្នរយៈពេល ៦ខែ ដើម្បីពង្រីកប្រវែងពី ៣.០០០ម៉ែត្រ ទៅ ៣.៥០០ម៉ែត្រ ដោយរំពឹងថានឹងបើកឱ្យដំណើរការឡើងវិញនៅខែឧសភា ឆ្នាំ២០២៧។

​ផ្លូវរត់ទី២ មានប្រវែង ៣.៣០០ម៉ែត្រ និងទទឹង ៤៥ម៉ែត្រ ស្របតាមស្តង់ដារ Code E របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ដែលមានសមត្ថភាព អាចទទួលយន្តហោះប្រភេទតួខ្លួនធំៗ (Wide-body aircraft) ដូចជា Boeing 747, Boeing 787 និង Airbus A350 បាន។ ផ្លូវរត់នេះក៏ត្រូវបាន បំពាក់ដោយប្រព័ន្ធចុះចតត្រឹមត្រូវនិងសុក្រឹត (ILS/DME precision landing system) ព្រមទាំងមានបំពាក់ភ្លើង CAT II រាប់រយនៅតាមបណ្តោយសងខាងផ្លូវរត់។

​ការសាងសង់ផ្លូវរត់នេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនវិនិយោគ Sun Group រួមជាមួយក្រុមហ៊ុនម៉ៅការ និងទីប្រឹក្សាជាង២០ស្ថាប័ន។ គម្រោងនេះប្រឈមនឹងការលំបាកជាច្រើន ដោយសារអាកាសធាតុលើកោះដ៏អាក្រក់ កង្វះខាតកម្លាំងពលកម្ម និងតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ស្របពេលដែលសម្ភារៈសំណង់ភាគច្រើនត្រូវដឹកជញ្ជូនតាមផ្លូវសមុទ្រ។ មុននឹងដាក់ឱ្យប្រើប្រាស់ ផ្លូវរត់នេះត្រូវឆ្លងកាត់ការហោះហើរសាកល្បង ការត្រួតពិនិត្យ និងការវាយតម្លៃយ៉ាងតឹងរ៉ឹងចំនួន ៤ដំណាក់កាល ដើម្បីធានាបាននូវស្តង់ដារសុវត្ថិភាពអាកាសចរណ៍ខ្ពស់បំផុត។

គម្រោងពង្រីកអាកាសយានដ្ឋាន ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១.០៥០ហិកតា បានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីត្រៀមទទួលកិច្ចប្រជុំ APEC ឆ្នាំ២០២៧។ គម្រោងនេះមានគោលដៅបង្កើនសមត្ថភាពទទួលអ្នកដំណើរពី ២០ ទៅ ២៤លាននាក់ក្នុងមួយឆ្នាំ ហើយអាចពង្រីកដល់ ៥០លាននាក់ក្នុងរយៈពេលវែង។

​ចំណតអ្នកដំណើរថ្មី (Terminal 2 ឬ T2) ដែលមានរចនាប័ទ្មទម្រង់សត្វបក្សីហ្វូនីកភ្លើង (Fire Phoenix) នឹងបំពាក់ដោយបច្ចេកវិទ្យាជីវមាត្រ (Biometric technology) ប្រព័ន្ធចាត់ចែងវ៉ាលីសស្វ័យប្រវត្តិ និងម៉ាស៊ីនត្រួតពិនិត្យសំបុត្រយន្តហោះដោយខ្លួនឯង។ ការរចនានេះមានការចូលរួមពីក្រុមហ៊ុន CPG Consultants របស់សិង្ហបុរី និងក្រុមហ៊ុនទីប្រឹក្សាអាកាសចរណ៍បារាំង Artelia Airport។ នៅពេលគម្រោងពង្រីកនេះបញ្ចប់ អាកាសយានដ្ឋាននឹងប្រតិបត្តិការដោយមានក្រុមហ៊ុន Changi Airports International (ផ្នែកមួយនៃ Changi Airport Group របស់សិង្ហបុរី) ជាទីប្រឹក្សា។

​អាកាសយានដ្ឋានភូកុក នឹងបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដើម្បីក្លាយជា “អាកាសយានដ្ឋានឆ្លាតវៃ” ដូចជា ការគ្រប់គ្រងប្រតិបត្តិការចម្រុះ ប្រព័ន្ធចំណតរថយន្តស្វ័យប្រវត្តិ ប្រព័ន្ធចាក់ប្រេងតាមទុយោក្រោមដី និងស្ពានតភ្ជាប់យន្តហោះ (Jet bridges) បញ្ជាពីចម្ងាយ។

​បច្ចុប្បន្ន វិស្វករកំពុងតម្លើង និងសាកល្បងប្រព័ន្ធខ្សែពានបញ្ជូនវ៉ាលីស (Conveyor system) នៅជាន់ទី២ នៃចំណត T2។ ប្រព័ន្ធចាត់ចែងវ៉ាលីសស្វ័យប្រវត្តិ ៣ជាន់នេះ មានប្រវែងជាង ៨គីឡូម៉ែត្រ អាចចាត់ចែងវ៉ាលីសអ្នកដំណើរចេញបាន ៧.៥៦០ និងអ្នកដំណើរចូលបាន ៦.៣០០ ក្នុងមួយម៉ោង ជាមួយនឹងភាពសុក្រឹតនៃការបែងចែករហូតដល់ ៩៩%។

​ជារៀងរាល់ថ្ងៃ មានវិស្វករនិងកម្មករជាង ៦.០០០នាក់ កំពុងធ្វើការប្តូរវេនគ្នាយ៉ាងសស្រាក់សស្រាំ ទាំងភ្លៀងទាំងថ្ងៃ ដើម្បីធានាថាការសាងសង់ចំណត T2 អាចរួចរាល់ទាន់ពេលវេលា និងបើកដំណើរការស្របពេលជាមួយផ្លូវរត់ទី១ ដែលនឹងបើកឡើងវិញនៅខែឧសភា ឆ្នាំ២០២៧។

​នៅក្បែរនោះដែរ “ចំណត VIP” ទំហំ ៩.៨៩០ម៉ែត្រការ៉េ ដែលសាងសង់លើផ្ទៃដី ៥,៣ហិកតា ក៏កំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ផងដែរ។ ចំណតនេះមានផ្លូវចូលដាច់ដោយឡែកពីអ្នកដំណើរពាណិជ្ជកម្មទូទៅ ដោយប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណជីវមាត្រ និងដំណើរការទិន្នន័យលិខិតឆ្លងដែនកម្រិតខ្ពស់ ដើម្បីធានាសុវត្ថិភាពនិងភាពរហ័សរហួន។ ផ្នែកខាងក្រៅនៃចំណត VIP នេះ ត្រូវបានរចនាដោយស្ថាបត្យករអ៊ីតាលី លោក Marco Casamonti (អ្នករចនាស្ពាន Kiss Bridge នៅភូកុក) ដោយយកទម្រង់តាមសត្វបបែលឥន្ទ្រី (Eagle ray) ដែលតំណាងឱ្យសេរីភាព និងភាពរឹងមាំនៃមហាសមុទ្រ។ ចំណត VIP នេះអាចបម្រើជើងហោះហើរថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលមានប្រតិភូរហូតដល់ ៣០០នាក់។

​នៅអំឡុងសប្តាហ៍នៃកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ២០២៧ អាកាសយានដ្ឋានអន្តរជាតិភូកុក នឹងមានសមត្ថភាពពេញលេញក្នុងការទទួលជើងហោះហើររបស់ថ្នាក់ដឹកនាំរដ្ឋ ជើងហោះហើរជួលម៉ៅការ និងជើងហោះហើរពាណិជ្ជកម្ម ក្នុងពេលតែមួយដោយរលូន៕

To Top