សម្ដេចធិបតី ៖ ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ជួបរឿងផ្ទួនៗ តែស្មារតីរឹងមាំ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលប្រមាណជា១ឆ្នាំមកនេះ ប្រជាពលរដ្ឋ ជាអ្នករស់នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ បានជួបបញ្ហាប្រឈមផ្ទួនៗគ្នា ចាប់តាំងពីថៃ ធ្វើសង្រ្គាមឈ្លានពានកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា ទោះបីជាប្រជាពលរដ្ឋ នៅតាមព្រំដែនកម្ពុជា-ថៃ បានជួបបញ្ហាសង្គ្រាម និងគ្រោះទឹកជំនន់ផ្ទួនៗគ្នាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋមិនបាក់សា្មរតីឡើយ នៅតែរឹងមាំ។
សម្តេចធិបតីបញ្ជាក់ថា “ក្នុងមួយឆ្នាំនេះ អ្នកព្រំដែនកម្ពុជា-ថៃ យើងអាចនិយាយបានថា ទទួលរងទុក្ខផ្ទួនៗ ចាប់ផ្តើមពីរឿងការបិទព្រំដែន សង្គ្រាមឈ្លានពានតាមព្រំដែន រហូតដល់ទឹកជំនន់ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋ”។
ចំពោះការជួបបញ្ហាច្រើននេះ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា រាជរដ្ឋាភិបាល នៅក្បែរប្រជាពលរដ្ឋ ជួយសង្គ្រោះនៅគ្រាមានអាសន្ន ក្រោយពីសង្គ្រាមឈ្លាពានថៃ និងគ្រោះទឹកជំនន់ថែមទៀត ។
ចំណុចនេះ សម្ដេចធិបតីសង្កត់ធ្ងន់ថា គ្រប់គ្នាមិនអាចចរចា មិនអាចឃាត់គ្រោះធម្មជាតិបាននោះទេ ប៉ុន្តែអ្វីដែលអាចធ្វើបាន គឺធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយប្រជាជន មិនថាគ្រាប់ផ្លោង ឬទឹកជំនន់ ត្រូវតែរំដោះប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាព ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ៕
