អាមេរិក នឹងដាក់តាំងបង្ហាញគ្រឿង សព្វាវុធយោធាទំនើបៗ នៅក្នុងពិព័រណ៍ ការពារជាតិវៀតណាម
បរទេស ៖ សហរដ្ឋអាមេរិក នឹងនាំយកឧបករណ៍ការពារជាតិទំនើបៗរបស់ខ្លួន មកដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម (Vietnam International Defense Expo) លើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ខាងមុខនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលជំនួបរវាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ផាន វ៉ាន់យ៉ាង (Phan Van Giang) និងរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth កាលពីថ្ងៃទី២៨ ខែតុលា នៅទីក្រុងសេប៊ូ (Cebu) ប្រទេសហ្វីលីពីន ក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

លោក យ៉ាង បានសម្តែងការស្វាគមន៍ចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់តាំងបង្ហាញគ្រឿងសព្វាវុធយោធាទំនើបៗ នៅក្នុងព្រឹត្តិការណ៍នេះ ដែលរៀបចំដោយក្រសួងការពារជាតិវៀតណាម នៅឯអាកាសយានដ្ឋាន Gia Lam ក្នុងទីក្រុងហាណូយ។ ពិព័រណ៍នេះ នឹងប្រមូលផ្តុំទៅដោយក្រុមហ៊ុនឧស្សាហកម្មការពារជាតិមកពីប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗទៀត។
រដ្ឋមន្ត្រីទាំងពីរបានលើកឡើងថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី សម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាន ជាពិសេសលើផ្នែកកិច្ចសន្ទនា ឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធា និងកិច្ចខិតខំប្រឹងប្រែងដោះស្រាយផលវិបាកក្រោយសង្គ្រាម។
ក្នុងឱកាសនោះ លោក យ៉ាង ក៏បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឱ្យបន្តជួយគាំទ្រដល់ជនពិការដែលរងផលប៉ះពាល់ដោយសារធាតុគីមីពណ៌លឿង (Agent Orange) និងបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ថវិកាបន្ថែមចំនួន ១៣០លានដុល្លារអាមេរិក សម្រាប់គម្រោងសម្អាតជាតិពុល Dioxin នៅអាកាសយានដ្ឋាន Bien Hoa។ លោកក៏បានជំរុញឱ្យអាមេរិក ជួយវៀតណាមឱ្យសម្រេចបាននូវគោលដៅ ក្នុងការបោសសម្អាតគ្រាប់បែក គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាមឱ្យអស់ស្ទើរទាំងស្រុងនៅត្រឹមឆ្នាំ២០៤៥។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរព័ត៌មាន និងវត្ថុអនុស្សាវរីយ៍សង្គ្រាម ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុទាហានវៀតណាមដែលបានពលីក្នុងសង្គ្រាម។ វៀតណាមកំពុងពន្លឿនកិច្ចការងារនេះ តាមរយៈ “យុទ្ធនាការ ៥០០ថ្ងៃ” ដែលដំណើរការពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧។
រដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀត ដោយផ្អែកលើតម្រូវការ សមត្ថភាព និងផលប្រយោជន៍រៀងៗខ្លួន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។
ក្រៅពីជំនួបទ្វេភាគី កាលពីថ្ងៃទី២៨ ខែតុលា លោក យ៉ាង ក៏បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក ដែលសហប្រធានដោយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងលោក Hegseth។
លោក Hegseth បានបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះមជ្ឈភាពរបស់អាស៊ាន និងបានសម្តែងការត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសក្នុងតំបន់ ជាពិសេសលើផ្នែកសន្តិសុខដែនសមុទ្រ ការយល់ដឹងពីដែនសមុទ្រ ការហ្វឹកហ្វឺនរួមគ្នា និងវិធានការកសាងទំនុកចិត្តដើម្បីទប់ស្កាត់ជម្លោះ។
លោក យ៉ាង បានលើកឡើងថា កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-អាមេរិក កាន់តែមានលក្ខណៈស្នូល ដោយលោកបានអំពាវនាវឱ្យមានលំហាត់សមយុទ្ធដែនសមុទ្រ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត រួមទាំងកម្មវិធីសម្រាប់មេដឹកនាំការពារជាតិវ័យក្មេង និងគំនិតផ្តួចផ្តើមនានា ដើម្បីពង្រឹងសមត្ថភាពរបស់រដ្ឋសមាជិកអាស៊ាន។
លោកក៏បានស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការ លើការស្វែងរកនិងសង្គ្រោះ ការអនុវត្តច្បាប់ដែនសមុទ្រ ការចែករំលែកបច្ចេកវិទ្យាទំនើប សន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរផងដែរ។
គួរបញ្ជាក់ថា ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍លើកទី៣ របស់ប្រទេសនេះ បន្ទាប់ពីការរៀបចំកាលពីឆ្នាំ២០២២ និង ២០២៤។ យោងតាមក្រសួងការពារជាតិវៀតណាម ពិព័រណ៍ឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ “សន្តិភាព – មិត្តភាព – កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក” ដោយនឹងមានដាក់តាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាការពារជាតិរបស់វៀតណាម និងបណ្តាប្រទេសផ្សេងៗទៀត ខណៈសាធារណជនទូទៅអាចចូលទស្សនាបាននៅថ្ងៃទី១២ និងទី១៣ ខែធ្នូ៕
ប្រែសម្រួល៖ គីរី
