ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវឱ្យគ្រិស្តបរិស័ទថែរក្សាសន្ដិភាព ព្រោះគ្មានសកម្មភាពសាសនាណាមួយ នៅលើប្រទេសមានសង្គ្រាមនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការអំពាវនាវ ដល់គ្រិស្តបរិស័ទទាំងអស់ ត្រូវចូលរួមថែរក្សាសន្ដិភាព ព្រោះគ្មានសកម្មភាពសាសនាណាមួយ នៅលើប្រទេសមានសង្គ្រាមឡើយ។

ឱកាសអញ្ជើញអបអរសាទរខួប ១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កុំនាំគ្នាចាប់បង្ខំឱ្យអ្នកនេះ ជឿសាសនានោះ ឬនិកាយនេះ​ ឬនិកាយនោះ ដោយមិនអាចទៅរួច។ ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាព យ៉ាងទូលំទូលាយដល់គ្រប់សាសនា។

សម្ដេចតេជោ បន្ដថា ៧ មករា មិនត្រឹមឱ្យរស់ជីវិតមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញ នៅគ្រប់សាសនាទាំងអស់ រាប់ទាំងគ្រិស្តសាសនាផងដែរ។ សម្ដេចថា សន្ដិភាព ដែលកម្ពុជារកបានដោយលំបាកនោះ មិនមែនសម្រាប់ព្រះពុទ្ធសាសនា ឬសម្រាប់អ្នកណាមួយនោះទេ គឺប្រជាពលរដ្ឋគ្រប់រូប ទទួលបានផលប្រយោជន៍ពីសន្ដិភាព តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ។

សម្ដេចតេជោ បញ្ជាក់ថា «យើងត្រូវរួមគ្នា ដើម្បីថែរក្សាសន្ដិភាពដែល យើងរកបានដោយលំបាកនេះ ហើយពាក្យអរគុណសន្ដិភាព បាននិងកំពុងលឺទូទាំងព្រះរាជាណាចក្រកម្ពុជា។ តើអ្នកទាំងអស់គ្នានៅទីនេះ ទោះបីមានចំនួនមិនច្រើន ដូចព្រះពុទ្ធសាសនា ប៉ុន្ដែអ្នកទាំងអស់គ្នា បាននិងកំពុងឃើញអ្នកដែល កាន់គ្រិស្តសាសនានៅប្រទេសអ៊ុយក្រែនឬទេ? ហើយតើបានឃើញសោកនាកម្ម ដែលបានកើតចំពោះប្រទេសដែលមានសង្គ្រាម ហើយក្នុងនោះ គ្រិស្តសាសនា ក៏បានរងទុក្ខវេទនាផងដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់កម្ពុជា នៅក្រោមម្លប់នៃសន្ដិភាព ដែលនិងកំពុងទទួលផលពីសន្ដិភាពនេះ ត្រូវប្រើប្រាស់ឱ្យអស់សក្ដានុពល នៃសន្ដិភាព ដើម្បីធានាដល់ការអភិវឌ្ឍរបស់កម្ពុជា។

សម្ដេចបន្ត​ថា បើមើលបណ្ដាប្រទេសមួយចំនួន ឃើញមានជម្លោះសាសនា បានកើតឡើងយ៉ាងរាំរ៉ៃ ដែលមិនអាចដោះស្រាយបាន ដែលបញ្ហានេះមិនងាយធ្វើនោះទេ ប៉ុន្ដែសម្រាប់កម្ពុជា អាចធ្វើបាន ដោយមានការចូលរួមពីគ្រប់សាសនាទាំងអស់ ដូច្នេះបង្ហាញឱ្យឃើញថា គ្រប់សាសនាទាំងអស់នៅកម្ពុជា មានការរីកចម្រើន និងរួមរស់ជាមួយគ្នា ប្រកបដោយការយោគយល់គ្នា ទៅវិញ ទៅមក។

សម្ដេចតេជោ ក៏បានផ្ដាំដល់ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការសាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសង្គមគ្រិស្តបរិស័ទ មានទំនាក់ទំនងល្អក្នុង សហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ដោយមិនត្រូវឱ្យមានការបែកបាក់ណាមួយ នៅក្នុងសហគមន៍គ្រិស្តបរិស័ទនោះទេ ៕

To Top