ព័ត៌មានជាតិ

សម្ដេចតេជោ អរគុណគ្រឹះស្ថានឧត្ដមសិក្សា បានរួមចំណែក សម្រាប់ភាពរីកលូតលាស់កម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដែលនេះ គឺជាការចូលរួម សម្រាប់ភាពរីកលូតលាស់កម្ពុជាតទៅមុខទៀត ។

ក្នុងជំនួបជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា ដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះវិធានកា​រ របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញ ការសិក្សាតាមអនឡាញ នៅក្នុង អំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅនេះ។

សម្ដេចតេជោក៏បានថ្លែងអំណរគុណ ចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សរបស់កម្ពុជា ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរាតត្បាតជំងឺកូវីដ១៩ ។

សម្ដេចបន្តថា ជាមួយគ្នានោះដែរ ក៏បានចូលរួមជួយដល់ប្រជាជនក្រីក្រ ជួយដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះ គឺជាការចូលរួមទាំងអស់គ្នា សម្រាប់ភាពរីកលូតលាស់កម្ពុជា តទៅមុខទៀត ។

សូមបញ្ជាក់ថា ក្នុងពេលកម្ពុជាកំពុងជួបវិបត្តិសកលជំងឺកូវីដ១៩ ក្នុងរយៈពេលប្រមាណជា២ឆ្នាំ រាជរដ្ឋាភិបាលបានចាត់តាំងក្រសួងអប់រំ ឲ្យមានការបើកការសិក្សាតាមប្រព័ន្ធអនឡាញ(Zoom) ដើម្បីកុំឲ្យខាតពេលរៀនសូត្ររបស់សិស្ស នៅគ្រប់ថ្នាក់នៅទូទាំងប្រទេស៕

To Top