ព័ត៌មានអន្តរជាតិ

New Update៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនឡើងលើស ៣.៧០០នាក់

តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ធំមួយ បានសម្លាប់មនុស្សជាង ៣.៧០០នាក់ នៅទូទាំងតំបន់នៃប្រទេសតួកគី និងភាគពាយព្យនៃ ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដោយអាកាសធាតុរដូវរងាត្រជាក់ បានបន្ថែមទៅលើស្ថានភាព របស់មនុស្សរាប់ពាន់នាក់ដែលរងរបួស ឬគ្មានផ្ទះសម្បែង និងរារាំងដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកអ្នកដែលនៅរស់រានមានជីវិតផងដែរ ។

គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័របានធ្វើឱ្យអគារ ផ្ទះល្វែងទាំងមូលដួលរលំនៅ ក្នុងទីក្រុងរបស់ប្រទេសតួកគី និងបានធ្វើឱ្យមានការបំផ្លិចបំផ្លាញ បន្ថែមទៀតលើប្រជាជនស៊ីរីរាប់លាននាក់ ដែលភៀសខ្លួនដោយសង្រ្គាមជាច្រើនឆ្នាំ ។

គ្រោះរញ្ជួយដីនេះបានវាយប្រហារ នៅមុនពេលថ្ងៃរះក្នុងអាកាសធាតុដ៏អាក្រក់ ហើយត្រូវបានកើតឡើងបន្តបន្ទាប់ នៅពេលរសៀលដោយការ រញ្ជួយដីដ៏ធំមួយទៀត ។

នៅទីក្រុង Diyarbakir ភាគអាគ្នេយ៍នៃប្រទេសតួកគី ស្ត្រីម្នាក់ដែលបាននិយាយ នៅជាប់នឹងគំនរបាក់បែកនៃប្លុកអគារ ៧ជាន់ ដែលនាងនៅមានជីវិតរស់បាននិយាយថា “យើងដឹងថា វាញ័រដូចជាលំយោលមួយ ។ ពួកយើងមានគ្នា៩នាក់នៅផ្ទះនេះ។ កូនប្រុស២នាក់របស់ខ្ញុំនៅតែ ស្ថិតក្នុងគំនរបាក់បែកនៅឡើយ ។ ខ្ញុំកំពុងរង់ចាំពួកគេ” ។ នាងត្រូវរបួសបាក់ដៃ និងរបួសមុខ ។

លោក Abdul Salam al-Mahmoud ជនជាតិស៊ីរីនៅទីក្រុង Atareb ភាគខាងជើងបានលើកឡើងថា “វាត្រជាក់ខ្លាំង ហើយមានភ្លៀងធ្លាក់ខ្លាំង ហើយប្រជាជនត្រូវការសង្គ្រោះ” ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនេះគឺជា ការកត់ត្រាដ៏ធំបំផុតនៅទូទាំងពិភពលោក ដោយទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ចាប់តាំងពីការរញ្ជួយដី នៅតំបន់ដាច់ស្រយាលខាងត្បូងអាត្លង់ទិក នៅក្នុងខែសីហាឆ្នាំ២០២១ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top