ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាត់ទុកសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ជា«មិត្តចាស់» និងជាភ្ញៀវបរទេសទី១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុត ទៅដែលបានទស្សនកិច្ចនៅចិន ។
ស្របគ្នានេះប្រធានាធិបតីចិន ក៏បានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិនផងដែរ។
នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបាន អមដំណើរសម្តេចទៅបំពេញទស្សនកិច្ចនៅចិន ក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ ជាមួយលោក ស៊ី ជីនពីង នាថ្ងៃទី១០ កុម្ភៈ ។
ហ្វេសប៊ុករបស់លោករដ្ឋមន្រ្តីព័ត៌មាន ដដែលក៏បានបញ្ជាក់ទៀតថា សម្តេចតេជោក៏បានលើកពីបំណង របស់សម្តេចក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ចទី៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង៣ ដែលមានស្រាប់ នោះគឺជាប៉ូលសេដ្ឋកិច្ចត្រី និងអង្ករ ដែលគ្របលើខេត្តនៅនិរតីទិសនៅកម្ពុជា ។
គួរកត់សំគាល់ថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោទៅកាន់ចិន នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕