ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំ ១០ ចំណុច ដើម្បីឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្តការងារឆ្នាំ ២០២៣

កំពង់ចាម ៖ នារសៀលថ្ងៃទី ១៤ ខែគុម្ភ: ឆ្នាំ២០២៣ នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារ របស់មន្ទីរសាធារណៈនិងដឹកជញ្ជូន ខេត្តកំពង់ចាម ឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំ ១០ ចំណុច ដើម្បី ឲ្យអង្គភាព នេះ បន្តអនុវត្តភារកិច្ច ក្នុងឆ្នាំ ២០២៣ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ ថា ទន្ទឹមនឹងសមិទ្ធិផល ដែលសម្រេចបានគួរជាទីមោទនៈ ក្នុងឆ្នាំ២០២២ កន្លងទៅខ្ញុំសូមផ្ដល់ នូវអនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ មន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដូចខាងក្រោម ៖

ទី១ . មន្ទីរត្រូវបន្តពង្រឹងការងារស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំប្រចាំ ផ្លូវ-ស្ពាន-លូប្រកបដោយគុណភាព សោភណ្ឌភាព និងរក្សាបានសុវត្ថិភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុដែលបង្កដោយកត្តា អ្នកប្រើប្រាស់ផ្លូវ និងកត្តាផ្លូវថ្នល់។

ទី២ . មន្ទីរត្រូវបន្តការងារជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មី នូវបរិក្ខាចរាចរណ៍ដូចជា គំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលគីឡូម៉ែត្រ។

ទី៣ . មន្ទីរត្រូវដាក់បញ្ចូលក្នុងផែនការ ឆ្នាំរបស់មន្ទីរ និងស្នើសុំដាក់បញ្ជូលក្នុងផែនការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកែប្រែផ្លូវក្រាលកម្រាលដី គ្រប់ប្រភេទ ឲ្យទៅជាផ្លូវក្រាលកម្រាលកៅស៊ូគ្រប់ប្រភេទ ឬផ្លូវក្រាលកម្រាលបេតុងសរសៃដែក។

ទី៤ . ពង្រីកទទឹងផ្លូវ និងស្ពាន ទៅតាមស្តង់ដាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើបណ្តាញផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ទី៥. ត្រូវចាត់តាំងមន្ត្រីជំនាញរបស់មន្ទីរ ចុះពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធានាបានគុណភាពផ្លូវ។

ទី៦. ត្រូវបន្តពង្រឹងការងារ ផ្តល់សេវាសាធារណៈនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដូចជាការចុះបញ្ជី ការផ្តល់បណ្ណបើកបរ ជូនប្រជាពលរដ្ឋឱ្យ បានទាន់ពេលវេលា។

ទី៧ . បន្តចុះអប់រំ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក និងចែកជូនសៀវភៅយល់ដឹងពីច្បាប់ចរាចរណ៍ បិតស្ទីកគ័រ និងចងបដាស្ដីពីសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្ត។

ទី៨ . បន្តចុះអប់រំ និងផ្សព្វផ្សាយច្បាប់ ស្តីពីយានដ្ឋានជួសជុល កែច្នៃ និងដំឡើងយានយន្តក្នុងភូមិសាស្ត្រខេត្តកំពង់ចាមឱ្យគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខណៈបច្ចេកទេស ដែលកំណត់ដោយក្រសួងសាធារណការ និង ដឹកជញ្ជូន សំដៅកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយយានយន្ត គ្រប់ប្រភេទខុស លក្ខណៈបច្ចេកទេស និងលុបបំបាត់
ចោលទាំងស្រុកយានយន្ត ខុសលក្ខណៈបច្ចេកទេសធ្វើចរាចរណ៍លើដងផ្លូវ។

ទី៩ .ត្រូវសហការជាមួយអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអប់រំផ្សព្វផ្សាយ និងចាត់វិធានការបន្ទាន់ចំពោះសំណង់មិនរៀបរយ តូបលក់ដូ ដែលរំលោភបំពានដីចំណីផ្លូវ។

ទី១០ .ត្រូវសហការជាមួយអាជ្ញាធរឃុំ-សង្កាត់ ចុះអប់រំណែនាំ និងចាត់វិធានការបន្ទាន់ដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន ដែលចាក់ដីលុបមុខទឹក ដោយដាក់លូមិនត្រឹមត្រូវតាម
លក្ខណៈ បច្ចេកទេស ៕

To Top