ព័ត៌មានអន្តរជាតិ

New Update៖ លោក ពូទីន ថ្លែងថា កិច្ចសហប្រតិបត្តិការវាងចិន និងរុស្ស៊ី សំខាន់ណាស់ ដើម្បីធ្វើឲ្យអន្តរជាតិមានស្ថិរភាព

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកការទូតកំពូលរបស់ចិន នៅថ្ងៃពុធនេះថា កិច្ចសហប្រតិបត្តិការរវាងក្រុងប៉េកាំង និងក្រុងម៉ូស្គូ មានសារៈសំខាន់ណាស់ ដើម្បី “ស្ថិរភាពស្ថានភាពអន្តរជាតិ” ។
លោក ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយលោក Wang Yi ថា “កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ី នៅលើឆាកពិភពលោកមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យស្ថានការណ៍អន្តរជាតិមានស្ថិរភាព” ។

គួរបញ្ជាក់ថា កិច្ចប្រជុំរបស់ពួកគេបានធ្វើឡើងនៅគ្រាដែលប្រទេសចិន កំពុងព្យាយាមបង្ហាញខ្លួនជាអ្នកសម្របសម្រួល ហើយត្រូវបានគេរំពឹងថា នឹងបង្ហាញ “ដំណោះស្រាយនយោបាយ” របស់ខ្លួនចំពោះជម្លោះអ៊ុយក្រែនក្នុងសប្តាហ៍នេះ ។

ក្រុងប៉េកាំងបានស្វែងរកទីតាំងខ្លួនឯងជាគណបក្សអព្យាក្រឹត ខណៈដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរុស្ស៊ី ។

ប៉ុន្តែក្រុងវ៉ាស៊ីនតោន និងអង្គការ NATO បានឲ្យដឹងថា ពួកគេព្រួយបារម្ភថា ប្រទេសចិន អាចនឹងត្រៀមបញ្ជូនអាវុធ និងគ្រាប់រំសេវ ដើម្បីជួយរុស្ស៊ី បន្តយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top