SEA GAME

ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាល ៤០នាក់ ដើម្បីជួយកម្ពុជា រៀបចំកីឡាស៊ីហ្គេម

ភ្នំពេញ៖ លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានថ្លែងឲ្យដឹងថា នៅថ្ងៃខាងមុខនេះ រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៣ កុម្ភៈនេះ លោក TAKEI Shunsuke បានសម្ដែង ក្ដីរីករាយ ជាមួយទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលត្រូវបានលើកកម្ពស់ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកងទ័ព វិស័យដោះមីន វិស័យដទៃជាច្រើនទៀត ។

លោករដ្ឋលេខាធិការ ក៏បានគោរពជម្រាបសម្ដេចតេជោថា «លោកនឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ហើយនៅថ្ងៃខាងមុខនេះ ជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម»។

ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណ ដល់ជប៉ុន ដែលបានលើកទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ក៏ដូចជាការបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា លោក តាកេ ហ្ស៊ឺនសឹកិ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងមានការចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ចំនួន ៣.៩៨៦លានយ៉េន (ប្រមាណ ៣០,៦លានដុល្លារ) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស កម្ពុជា ។ លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្ម ទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២៕

To Top