បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទាក់ទងទៅសមភាគីរុស្ស៊ីគឺលោក Sergey Shoigu កាលពីថ្ងៃពុធ ជាលើកដំបូង ក្នុងរយៈពេលជាច្រើនខែ ដើម្បីពិភាក្សាអំពីឧប្បត្តិហេតុ ដែលយន្តហោះគ្មានមនុស្សបើកចារកម្ម អាមេរិក ដែលបានធ្លាក់ ក្នុងទឹកសមុទ្រខ្មៅ ពីតំបន់គ្រីមៀ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាយោងតាមក្រសួងការពារជាតិរុស្ស៊ី លោក Shoigu បានប្រាប់លោក Austin ថា ឧបទ្ទវហេតុនេះ គឺបណ្តាលមកពីអាមេរិក បានរំលោភលើការរឹតបន្តឹងដែន អាកាសដែលប្រកាសដោយរុស្ស៊ី ដោយមានការជូនដំណឹង ជាអន្តរជាតិត្រឹមត្រូវទាំងអស់ ។
លោក Shoigu បានហៅការហោះហើរយន្តហោះគ្មាន មនុស្សបើករបស់សហរដ្ឋអាមេរិក ចេញពីឆ្នេរសមុទ្ររុស្ស៊ីថា “បង្កហេតុ” ហើយបានប្រថុយ នឹងការកើនឡើងនៃភាពតានតឹង នៅក្នុងសមុទ្រខ្មៅ ។
លោក Shoigu បាននិយាយថា ខណៈដែលរុស្ស៊ី មិនចង់បានការអភិវឌ្ឍបែបនេះ ខ្លួននឹងបន្តឆ្លើយតបតាមសមាមាត្រ ចំពោះការបង្កហេតុទាំងអស់។ លោកបានបន្ថែមថា មហាអំណាច នុយក្លេអ៊ែរទាំងពីរ “ត្រូវតែធ្វើសកម្មភាពប្រកបដោយទំនួល ខុសត្រូវតាមដែលអាចធ្វើបាន” ដែលរួមបញ្ចូលទាំងការ រក្សាបណ្តាញយោធាបើកចំហ ដើម្បីពិភាក្សាអំពីវិបត្តិណាមួយ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់មន្ទីរបញ្ចកោណ លោក Austin បានបញ្ជាក់ថា លោកបានធ្វើការហៅទូរសព្ទទៅភាគីរុស្ស៊ី ហើយបាននិយាយថា វាមានសារៈសំខាន់ដែលមហាអំណាច គឺជាគំរូនៃតម្លាភាព និងការទំនាក់ទំនង។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទូចថា សហរដ្ឋអាមេរិកនឹង «បន្តហោះហើរ និងប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»៕