ព័ត៌មានជាតិ

ទស្សនមិត្តអ្នកអាន ៖ កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ

ដើម្បីពិសាកាហ្វេមួយកែវ ដែលរោយពីលើ ដោយកំទេចមាស២៤ ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ ។
កាហ្វេ​រោយមាស ឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុង ពេញនិយមនៅទីក្រុងឌូបៃ និងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន ។ បន្ទាប់ពីសាកកាហ្វេមាសរួច មានអ្នកខ្សឹបថា បើបងទៅបន្ទប់ជួយប្រាប់ផង ។

ហ៊ុំព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីរនេះអាចទាញភ្ញៀវ ទេសចរមកកំសាន្តរហូតដល់១៦ លាននាក់ កាលពីឆ្នាំ២០១៩ កន្លង​ទៅនេះ។
រហូតមកទល់ពេលនេះ ទីក្រុងឌូបៃនិងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួម ត្រូវបានគេសន្និដ្ឋាន ស្ទើរគ្រប់គ្នាថា អាចធ្វើមានធ្វើបានដោយសារ ធនធានប្រេង តែ​​ជាក់ស្តែងចំណូល បានពីប្រេងមានត្រឹមតែ១០ ភាគរយប៉ុណ្ណោះ ខណៈវិស័យទេសចរណ៍អាចរកចំណូលរហូតដល់៣៦ ភាគរយឯណោះ។

អគាររចនាបទប្លែកៗ និងទំនើបៗនិងអគារ Burj Khalifa (ជិត១គីឡូម៉ែត្រ) ខ្ពស់ជាងគេនៅលើពិភពលោក ដំណើរកំសាន្តដោយជិះឡាន ឆ្លងកាត់សមុទ្រខ្សាច់ ជិះសត្វអូដ្ឋនៅលើវាលខ្សាច់ មើលនារីរាំបញ្ចេញក្បាលពោះ ក្រេបរសជាតិកាហ្វេស្រោបមាស និងសួនផ្កា នៃក្តីស្រមៃរបស់នារីៗសុទ្ធតែជាការកែច្នៃ របស់​រដ្ឋាភិបាលនិងពលរដ្ឋ របស់ប្រទេសមួយនេះ រហូតធ្វើឱ្យគេអាចប្រែក្លាយពីប្រទេសក្រ ទៅជាប្រទេសអ្នកមាន ។

នៅអារ៉ាប់រួម មានរឿងប្លែកៗច្រើន ដែលខ្ញុំមិនអាចរៀបរាប់អស់នៅលើបណ្តាញសង្គមហ្វេសប៊ុក តែសូមរំលេចខ្លះៗដូចជា ជនបរទេសរហូតដល់៨០​ភាគ​រយឯណោះចូលមកធ្វើការ នៅក្នុងប្រទេសនេះ តែពលរដ្ឋដើមដែលមានតែ២០ភាគរយ នៃប្រជាពលរដ្ឋសរុបជិត១០លាននាក់នៅតែជា “ថៅកែ” មាន​ន័យ​ថា វិនិយោគបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនតែ៤៩ភាគរយ ក្រៅពីនោះគឺពលរដ្ឋអារ៉ាប់រួម ជាអ្នកឈរឈ្មោះឲ្យក្រុមហ៊ុនទាំងអស់ ហើយអាចឈរតំ​ណាង​ឲ្យក្រុមហ៊ុនច្រើនក៏បាន និយាយមួយបែបថា “អង្គុយចាំយកលុយពីភាគហ៊ុន”។

បុរសៗមានសំណាងអាចយកប្រពន្ធដល់ទៅបួន តែត្រូវមានលុយ មានពេលវេលា និងមានកំលាំងគ្រប់គ្រាន់ដើម្បីចែករំលែកឲ្យស្មើៗគ្នា (មានន័យថា ឲ្យមួយៗស្មើគ្នា ឬពីរៗស្មើគ្នា)។ បុរសៗនៅឌូបៃបាននិយាយថាអ្នកដែលអាចមានប្រពន្ធ៤ ទាល់តែអ្នកមាន អ្នកក្រមិនអាចធ្វើបានឡើយ។

ចំណែកឯនារីវិញ ពុំមានសិទ្ធិយកប្តីលើសពីមួយទេ តែមានសំណាងត្រង់បុរសជាប្តីជាអ្នករកស៊ីចិញ្ចឹម ហេតុ ដូច្នេះហើយបានជានៅតាមទីផ្សារលក់ដូរ នៅតាមដងផ្លូវ នារីបាត់អស់ ឃើញតែបុរសជាអ្នកលក់ដូរទៅវិញ។

ក្នុងបេសកកម្មបីថ្ងៃនៅទីនេះ ខ្ញុំសង្កេតឃើញពលរដ្ឋអាស៊ីយើងច្រើនណាស់មកបម្រើការនៅទីក្រុងឌូបៃនិងអាប៊ូដាប៊ី ភាគច្រើនជាជនជាតិហ្វីលីពីន និង​វៀតណាម ។
ដោយឡែកសម្រាប់ពលរដ្ឋខ្មែរដែលមកប្រទេសនេះ គួរកុំរំពឹងទិញសម្លៀកបំពាក់ឬរបស់ប្រើប្រាស់អី ព្រោះតម្លៃលក់និងការចាយវាយទូទៅភាគច្រើនសម្រាប់​អ្នកមាន លើកលែងតែមកក្នងក្របខ័ណ្ឌបេសកម្ម ឬត្រូវបានគេប៉ាវ (ចេញលុយឲ្យ)។ ដូចនេះមិត្តភ័ក្រ្តទាំងឡាយដែលរង់ចាំកាដូ សូមកុំអាក់អន់ស្រពន់ចិត្តអី ៕

To Top