ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យរដ្ឋាភិបាលបង្រួបបង្រួមគន្លង កំណើននៃសេដ្ឋកិច្ចរុស្ស៊ី ខណៈដែលការដាក់ទណ្ឌកម្ម របស់លោកខាងលិច ក្នុងរយៈពេលមធ្យមពិតជាអាចជះ ឥទ្ធិពលអវិជ្ជមានលើប្រទេសនេះ ។
លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមាជិករដ្ឋាភិបាលថា “យើងត្រូវគាំទ្រ និងពង្រឹងនិន្នាការវិជ្ជមាននៅក្នុងសេដ្ឋកិច្ចរបស់យើង បង្កើនប្រសិទ្ធភាពរបស់វា ធានានូវអធិបតេយ្យភាពផ្នែកបច្ចេកវិទ្យា មនុស្ស និងហិរញ្ញវត្ថុ។
ដល់ទីបញ្ចប់នេះ លោកបានបញ្ជាឱ្យរដ្ឋាភិបាលធានា ឱ្យមានការកើនឡើងប្រកបដោយនិរន្តរភាពនៃតម្រូវការក្នុងស្រុក ដែលបានក្លាយជាកត្តាឈានមុខគេ សម្រាប់កំណើនសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ពូទីន ក៏បានទាមទារឱ្យដកចេញនូវការរឹតបន្តឹងរចនាសម្ព័ន្ធ ដែលរារាំងសកម្មភាពអាជីវកម្ម រួមទាំងការស្ទះផ្នែកដឹកជញ្ជូន ហិរញ្ញវត្ថុ និងការបណ្តុះបណ្តាល។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានឲ្យដឹងនៅក្នុងរបាយការណ៍ការងារប្រចាំឆ្នាំមួយទៅកាន់សមាជិកសភាថា សេដ្ឋកិច្ចរបស់ប្រទេស បានវិលត្រឡប់ទៅរកគន្លងកំណើន បន្ទាប់ពីមួយឆ្នាំនៃការសម្របខ្លួនដ៏លំបាក ក្នុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា