ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ហើយនេះជាអ្វីដែលខ្លួនហៅថា “ការព្រមានយ៉ាងតឹងរ៉ឹង” ដល់រដ្ឋាភិបាលដែនកោះនេះ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីរបស់ខ្លួន និងប្រធានសភាអាមេរិក ។
បញ្ជាការដ្ឋានប្រចាំភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា (PLA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលមានឈ្មោះថា “United Sharp Sword” ប្រតិបត្តិការរយៈពេល៣ថ្ងៃ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា រួមបញ្ចូលទាំងការហាត់សមការឡោមព័ទ្ធដែនកោះតៃវ៉ាន់ នឹងដំណើរការរហូតដល់ថ្ងៃចន្ទ ។
លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen បានបរិហារសមយុទ្ធភ្លាមៗ ដោយសន្យាថា នឹងធ្វើការជាមួយ “សហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នា” ដើម្បីប្រឈមមុខនឹង “ការបន្តពង្រីកអំណាចផ្តាច់ការ”។
លោក Shi Yin អ្នកនាំពាក្យ PLA បានឲ្យដឹងថា ល្បែងសង្គ្រាមរបស់ប្រទេសចិន នឹងបញ្ជូនយន្តហោះ នាវា និងបុគ្គលិកចូលទៅក្នុង “តំបន់ដែនសមុទ្រ និងលំហអាកាសនៃច្រកសមុទ្រកោះតៃវ៉ាន់ ពីឆ្នេរសមុទ្រភាគខាងជើង និងភាគខាងត្បូងនៃកោះ និងទៅកាន់ភាគខាងកើត នៃកោះនេះ” ។
របាយការណ៍ពីទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា “ក្រុមការងារនឹងរៀបចំការល្បាត ក្នុងពេលដំណាលគ្នា និងឈានទៅមុខជុំវិញកោះតៃវ៉ាន់ ដោយបង្កើតការឡោមព័ទ្ធគ្រប់ជ្រុងជ្រោយ និងទីតាំងរារាំង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា