សំដៅចំពោះករណីដែលជប៉ុន គ្រោងបង្កើតកងកម្លាំងមីស៊ីលធុនថ្មី លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅពេលឆ្លើយសំណួរ ក្នុងសន្និសីទកាសែតជាប្រចាំ កាលពីថ្ងៃទី១៣ខែមេសាថា ប្រការនេះបានបញ្ចេញសញ្ញាគ្រោះថ្នាក់មួយ ដល់ប្រទេសក្នុងតំបន់រហូតដល់ពិភពលោក គឺជប៉ុនប៉ុនប៉ងធ្វើវិទ្ធង្សនា សណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទី២ សហគមន៍អន្តរជាតិគួររក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះ ។
លោក Wang Wenbin បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុនបានឃោសនាបំប៉ោង ជាម្តងហើយម្តងទៀតនូវ“ការគំរាមកំហែង នៃប្រទេសចិន” បានធ្វើផ្ទុយពី“ធម្មនុញ្ញសន្តិភាព” និងកិច្ចសន្យា“ស្វ័យការពារ” ដោយបង្កើនចំណាយការពារជាតិយ៉ាងច្រើន ហើយអភិវឌ្ឍសព្វាវុធដែលមានលក្ខណៈវាយប្រហារ ដើម្បីស្វែងរក“សមត្ថភាពវាយប្រហារចំពោះសត្រូវ” បានដើរតាមផ្លូវពង្វាតយោធាកាន់តែឆ្ងាយទៅៗ។
លោកWang Wenbin បានថ្លែងថា ភាគីចិនជំរុញយ៉ាងខ្លាំងឱ្យរដ្ឋាភិបាលជប៉ុន គិតពិចារណាឡើងវិញ ពីកំហុសនៃប្រវត្តិសាស្ត្រឈ្លានពាន គោរពយ៉ាងជាក់ស្តែងនូវកង្វល់ខាងសន្តិសុខរបស់ប្រទេសជិតខាងនៅអាស៊ី ប្រកាន់ខ្ជាប់នូវស្វ័យការពារនិងប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ហើយមានភាពមធ្យ័តក្នុងវិស័យសន្តិសុខយោធា៕ ប្រភពវិទ្យុមិត្តភាពកម្ពុជាចិន