បរទេស៖ ការលេចធ្លាយថ្មីៗនៃសម្ភារៈ ចាត់ថ្នាក់ពីមន្ទីរប៉ង់តាហ្គោនរបស់អាមេរិក អាចធ្វើឱ្យរុស្ស៊ីបង្កើតវិធានការ តបតដែលនឹងកាត់បន្ថយសមត្ថភាពចារកម្ម របស់ទីក្រុងវ៉ាស៊ីនតោន បន្ថែមពីលើសពីនេះ វាក៏នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សផងដែរ, នេះបើតាមអតីតមន្ត្រីចារកិច្ចអាមេរិក Charles Morgan បានប្រាប់ Sputnik ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកសារសម្ងាត់កំពូលរបស់មន្ទីរប៉ង់តាហ្គោនដែលបានលេចធ្លាយ តាមអ៊ីនធឺណិតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បង្ហាញនូវការស៊ើបការណ៍សម្ងាត់លើបញ្ហាសន្តិសុខដ៏រសើបជាច្រើន រួមទាំងការការពារដែនអាកាស របស់អ៊ុយក្រែន សកម្មភាពយោធារុស្ស៊ី និងការវាយតម្លៃរបស់សហរដ្ឋអាមេរិកអំពីជម្លោះ។
Morgan សាស្ត្រាចារ្យ នៅនាយកដ្ឋានសន្តិសុខជាតិ របស់សាកលវិទ្យាល័យ New Haven បាននិយាយថា “ការលេចធ្លាយបែបនេះ ធ្វើឱ្យជីវិតប្រឈមនឹងហានិភ័យ ហើយមនុស្សដែលធ្វើឱ្យបែកធ្លាយព័ត៌មានកម្រ នឹងគិតពីផលវិបាកចំពោះមនុស្សពិត នៅពេលដែលពួកគេធ្វើបែបនេះ” ។ ឥទ្ធិពលដ៏គ្រោះថ្នាក់ជាងនេះ គឺវាបង្ហាញដល់ប្រទេសរុស្ស៊ី នូវវិសាលភាពនៃសមត្ថភាពរបស់យើង ក្នុងការឈ្លបយកការណ៍លើពួកគេ ហើយនេះនឹងអនុញ្ញាតឱ្យពួកគេ ចាត់វិធានការប្រឆាំង និងទំនងជាកាត់បន្ថយសមត្ថភាពរបស់យើង ក្នុងការទទួលបានព័ត៌មានអំពីផែនការ និងសកម្មភាពរបស់ពួកគេ”។
សូមជម្រាបផងដែរថា ឯកសារលេចធ្លាយមួយចំនួន បានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីសកម្មភាព យោធារបស់អ៊ុយក្រែន រួមទាំងការវាយប្រហារ លើយន្តហោះស៊ើបការណ៍រុស្ស៊ីនៅជិតទីក្រុង Minsk និងស្ថានីយ៍បង្ហាប់ឧស្ម័ននៅជាយក្រុងមូស្គូកាលពីចុងខែកុម្ភៈ។ លើសពីនេះ ការស៊ើបការណ៍សម្ងាត់បានប៉ះទង្គិចជាមួយនឹងការវាយតម្លៃមុន របស់មន្ទីរបញ្ចកោណ អំពីស្ថានភាពនៅលើដី ក្នុងប្រទេសអ៊ុយក្រែន និងបានបង្ហាញការសង្ស័យ របស់សហរដ្ឋអាមេរិកដែលថា ទីក្រុងគៀវ អាចចាប់ផ្តើមការវាយលុក នៅនិទាឃរដូវ៕ ប្រែសម្រួលៈ ណៃ តុលា