តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១៧ នាក់ និងអង្គភាពចំនួន ៤ នៃសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រដល់អំពើភេរវកម្ម និងបង្កឱ្យមានអំពើហិង្សា និងភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញ ផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា វិធានការសងសឹកនេះ សំដៅទៅលើអ្នកដែលជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ និងគាំទ្រដល់អំពើភេរវកម្ម និងអំពើហិង្សា។
គោលដៅទាំងនេះក៏ត្រូវបានចោទ ប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីប្រទេសអ៊ីរ៉ង់ និងផ្តួចផ្តើម ឬលើកទឹកចិត្តឱ្យមានការកើនឡើង នៃទណ្ឌកម្មប្រឆាំងនឹងប្រជាជនរបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទណ្ឌកម្មដែលគ្របដណ្តប់អង្គភាពមួយ និងបុគ្គលចំនួន ១១ នាក់មកពីសហភាពអឺរ៉ុប និងអង្គភាពអង់គ្លេសចំនួន ៣ និងមនុស្ស ៦នាក់ រួមមានការចេញទិដ្ឋាការ និងការហាមឃាត់ការចូល ក៏ដូចជាទ្រព្យសម្បត្តិ និងគណនីធនាគារដែលបង្កក។
នៅព្រឹកថ្ងៃដដែល សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់ ជុំវិញការរំលោភសិទ្ធិមនុស្ស របស់ពួកគេ នៅក្នុងប្រទេស អ៊ីរ៉ង់ ដែលត្រូវបានរិះគន់ដោយអ៊ីរ៉ង់ ថាជាការរំលោភលើគោលការណ៍ ជាមូលដ្ឋាននៃធម្មនុញ្ញ អង្គការសហប្រជាជាតិ។
នៅខែកញ្ញា ឆ្នាំ២០២២ ក្មេងស្រី ជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំឈ្មោះ Mahsa Amini បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតេអេរ៉ង់ ខណៈពេលកំពុងស្ថិតក្រោមការ ឃុំឃាំងរបស់ប៉ូលីស។ ប៉ូលិសសីលធម៌អ៊ីរ៉ង់ បានចាប់ខ្លួននាងពីបទមិនបានពាក់ក្រមាអ៊ីស្លាម ដែលគេស្គាល់ថាជាហ៊ីចាប។
ការស្លាប់របស់ Amini បានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លា និងចលាចលក្នុងសង្គមនៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀតពីបទញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករនៅក្នុងប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា