ដាម៉ាស់៖ អ្នកជំនាញនៅប្រទេសស៊ីរី បានឲ្យដឹងថា ការវិលត្រឡប់របស់ស៊ីរី ទៅកាន់សម្ព័ន្ធអារ៉ាប់ (AL) និងការធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយបណ្តាប្រទេសអារ៉ាប់ ភាគច្រើនបានបង្ហាញថា ផលប៉ះពាល់នៃគោលនយោបាយ អន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់កំពុងរសាត់ទៅៗ ខណៈដែលបណ្តាប្រទេសអារ៉ាប់យល់ថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភាពវឹកវរ។
បន្ទាប់ពីការផ្អាករយៈពេល ១២ឆ្នាំ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ នៅទីបំផុតបានជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ AL កាលពីថ្ងៃទី០៧ ខែឧសភា នៅទីក្រុងគែរ ដែលបានស្ដារសមាជិកភាពរបស់ប្រទេសស៊ីរីក្នុងលីក។
បន្ទាប់ពីការទទួលយក AL ក្រសួងការបរទេសស៊ីរី បានសង្កត់ធ្ងន់ថាដំណាក់កាលបន្ទាប់ តម្រូវឱ្យមានវិធីសាស្រ្តអារ៉ាប់ ជាក់ស្តែងនិងស្ថាបនាដោយផ្អែកលើការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមរបស់ប្រទេសអារ៉ាប់។
ខ្លួនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស៊ីរី បានដើរតាមនិន្នាការវិជ្ជមាន និងអន្តរកម្ម ដែលកំពុងកើតឡើងនៅក្នុងតំបន់អារ៉ាប់ ហើយជឿជាក់ថា ទាំងនេះផ្តល់ផលប្រយោជន៍ដល់ប្រទេសអារ៉ាប់ទាំងអស់ និងអនុគ្រោះដល់ស្ថិរភាព សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន”។
ការសម្រេចចិត្តរបស់អារ៉ាប់ បានធ្វើឡើងស្របគ្នាជាមួយនឹង ការស្តារទំនាក់ទំនងរវាងស៊ីរី និងអារ៉ាប៊ីសាអូឌីត ដែលមុននឹងការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងរវាងស៊ីរី និងប្រទេសអារ៉ាប់ ភាគច្រើនដែលបានកាត់ផ្តាច់ ទំនាក់ទំនងរបស់ពួកគេជាមួយស៊ីរី ក្នុងអំឡុងពេលមានវិបត្តិយូរអង្វែង។
លើសពីនេះ ប្រទេសស៊ីរីបានទទួលការអញ្ជើញ ជាផ្លូវការពីអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលអារ៉ាប់ នាថ្ងៃទី១៩ ឧសភា នៅប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដោយសាទរចំពោះការបង្កើត ទិដ្ឋភាពថ្មីនៅក្នុងតំបន់ លោក Osama Danura អ្នកជំនាញខាងនយោបាយស៊ីរី បានប្រាប់ស៊ីនហួថា បណ្តាប្រទេសអារ៉ាប់ ឥឡូវនេះផ្តល់អាទិភាព ដល់ផលប្រយោជន៍ជាតិ និងតំបន់របស់ពួកគេ ហើយការជ្រៀតជ្រែកពីខាងក្រៅ គឺមិនអាចទទួលយកបានទេ។
ខណៈពេលដែលបណ្តាប្រទេសអារ៉ាប់ បានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែង “ដើម្បីជួយស៊ីរីចេញពីវិបត្តិរបស់ខ្លួន” សហរដ្ឋអាមេរិក នៅតែដាក់ទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរលើស៊ីរី និងព្យាយាមបន្តគោលនយោបាយ នៃភាពឯកោប្រឆាំងនឹងប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា