បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានធ្វើការបាញ់ ទំលាក់ជោគជ័យមីស៊ីលល្បឿនលឿន ជាច្រើនគ្រាប់របស់ប្រទេសរុស្សី ដែលកន្លងមកភាគីខាងរុស្សីអះអាងថា ជាមីស៊ីលដែលមានសមត្ថភាពខ្លាំង អាចទំលុះគ្រប់ប្រព័ន្ធការពារ ដែនអាកាសណាទាំងអស់។
ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលក្រុងគៀវបានធ្វើការ ប្រកាសអះអាងអំពីការបាញ់ស្ទាក់ មីស៊ីលល្បឿនលឿនរុស្សីប្រភេទ Kinzhal hypersonic យ៉ាងហោចណាស់៦គ្រាប់ ខណៈដែលមីស៊ីលប្រភេទច្រើនគ្នាប្រមាណជា ១៨គ្រាប់ បានបាញ់សំដៅទីក្រុងគៀវ ក្នុងហេតុការណ៍ចុងក្រោយនេះ។
ទោះបីជាយ៉ាងណាក្តីប្រទេសរុស្សី បានធ្វើការឆ្លើយតបទៅនឹងការអះអាងថា នេះគឺជាព័ត៌មានមិនពិតដែលមីស៊ីល Kinzhal មិនអាចបាញ់ទំលាក់នោះទេ ប៉ុន្តែបែរជាបានអះអាងថា ខ្លួនបានបាញ់ទំលាក់មីស៊ីល Patroit ដែលអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែននោះទៅវិញ។
គិតមកត្រឹមព្រឹកថ្ងៃពុធនេះអ៊ុយក្រែន ក៏បានបដិសេធមិនទាន់ធ្វើការឆ្លើយឆ្លង បន្ថែមណាមួយជាមួយនឹង BBC ដែរដែលធ្វើឲ្យទូរទស្សន៍ BBC គឺមិនអាចធ្វើការកំណត់បានថា ការអះអាងរបស់ភាគីណាមួយ គឺជាការពិតនោះទេ៕
ប្រែសម្រួល៖ ស៊ុន លី