ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានឱ្យដឹងថា អគារទីស្នាក់ការ គណបក្ស សង្កាត់ស្ពានថ្មថ្មីនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងរួចរាល់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដែលមាន ទំហំទទឹង១៤.៣៥ម៉ែត្រ X ជម្រៅ៣៦ម៉ែត្រ និងមានកម្ពស់២ជាន់ ជាន់ទី១ មានបន្ទប់ប្រជុំតូចមួយ និងបន្ទប់ធ្វើការចំនួន៤ ប្រើសម្រាប់ការងាររដ្ឋបាលទូទៅ និងជាន់ទី២ ជាសាលប្រជុំ ដែលអាចដាក់អ្នកចូលរួម បានប្រមាណ៣៥០នាក់ ព្រមទាំងបានរៀបចំតុកៅអី និងបំពាក់គ្រឿងបរិក្ខាផ្សេងៗផងដែរ។
សម្តេចវិបុលសេនាភក្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក លី ឆេង សមាជិកគណៈកម្មាធិការកណ្តាល ដែលជាប្រធាន និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ពានថ្មទាំងអស់ ដែលបានចូលរួមសហការកសាងអគារទីស្នាក់ការថ្មីនេះរួចរាល់ជាស្ថាពរ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។ សម្តេចវិបុលសេនាភក្តីបានចាត់ទុកអគារដ៏ស្កឹមស្កៃនេះ គឺជាការឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរួមសាមគ្គីរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ជាពិសេសបង្ហាញពីភាពខ្លាំង និងសក្តិសមសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ។
ជាមួយនឹងការអបអរសាទរ ការសម្ពោធអគារទីស្នាក់ការបក្សថ្មីនេះ សម្តេចវិបុលសេនាភក្តីក៏បានលើកឡើងអំពីការប្រវត្តិស្នាដៃ ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានជួយសង្គ្រោះអាយុជីវិតប្រជាជន នាំមកនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ប្រជាជនរស់ នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត និងមានការអភិវឌ្ឍជឿនលឿន លើគ្រប់វិស័យ។ កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជាបានទទួលនូវជោគជ័យធំៗ ជាប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ផងដែរ។
ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានថ្លែងអំពីទិស ដៅអនុវត្តជាចំណុចស្នូលចំនួន៨របស់គណបក្ស ដែលនឹងត្រូវយកចិត្តទុកដាក់ សម្រាប់អាណត្តិថ្មី ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ៕