គៀវ៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងចាប់ផ្តើមសកម្មភាព វាយលុកប្រឆាំងនឹងរុស្ស៊ី នៅក្នុងតំបន់មួយចំនួននៃតំបន់ជួរមុខ។
លោកស្រី Maliar បានសរសេរនៅក្នុងសារ Telegram ឲ្យដឹងថា “នៅក្នុងទិសដៅជាក់លាក់ យើងកំពុងឆ្ពោះទៅរកសកម្មភាពវាយលុក” នេះបើយោងតាមការចុះភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
មន្ត្រីរូបនេះបានឲ្យដឹងថា ទិសដៅទីក្រុងបាក់មុត នៅតែជាចំណុចកណ្តាលនៃអរិភាព ដោយបានកត់សម្គាល់ថា កងកម្លាំងយោធាអ៊ុយក្រែន បានទទួលជោគជ័យមួយចំនួននៅក្នុងតំបន់។ លោកស្រីបានបន្ថែមថា ការប្រយុទ្ធគ្នាក៏ផ្ទុះឡើង នៅភាគខាងត្បូងអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ី ស្ថិតនៅក្នុងទីតាំងការពារ។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការវាយលុក ដើម្បីដណ្តើមយកមកវិញនូវទឹកដី ដែលរុស្ស៊ីបានរឹបអូសនៅក្នុងជម្លោះ ៕
ប្រែសម្រួល ឈូក បូរ៉ា
