ព័ត៌មានជាតិ

ក្រោយជួបសម្តេចតេជោ ជាង២ម៉ោង លោក សាម អ៊ីន មានភាពជឿជាក់កាន់តែខ្លាំងជាងមុន

ភ្នំពេញ ៖ លោក សាម អ៊ីន បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងបរិស្ថាន បន្ទាប់ពីមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីអស់រយៈពេលប៉ុន្មានខែមកនេះ លោកបានបង្ហាញការជឿជាក់កាន់តែខ្លាំងជាងមុនទៅលើអនាគតដ៏ល្អប្រពៃរបស់កម្ពុជា។

នេះបើតាមហ្វេសប៊ុកលោកសាម អ៊ីន នារាត្រីថ្ងៃ១២ មិថុនា បន្ទាប់ពីលោក និងលោកសែម ហាក់ បានចូលជួបសម្តេចតេជោ នៅគេហដ្ឋានរបស់សម្តេច នៅទីក្រុងតាខ្មៅជាង២ម៉ោង នារសៀលថ្ងៃដដែលនេះ ។

នេះជាលើកដំបូងរបស់លោកទាំង២ដែលបានឈានចូលមកបក្សប្រជាជន ក្រោយផ្តាច់ខ្លួនពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោកថា “ក្រោយបានជួបជជែកពិភាក្សាជាមួយសម្តេចនាយកជាង ២ម៉ោង ខ្ញុំមានភាពជឿជាក់កាន់តែខ្លាំងជាងមុនទៅលើអនាគតដ៏ល្អប្រពៃរបស់កម្ពុជា។ ខ្ញុំមានជំនឿមុតមាំថា សន្តិភាពនិងស្ថិរភាពនឹងរក្សាបានគង់វង្សល្អ ហើយភាពរីកលូតលាស់ រុងរឿង សម្បូរសប្បាយ ជាមួយចីរភាពបរិស្ថាន នឹងបន្តដំណើរទៅមុខ”។

ធ្លាប់ជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន ក៏បានលើកពីអនាគតផងដែរថា តទៅមុខគឺជាពេលវេលាល្អ ក្នុងការកសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ សម្រាប់ជាតិខ្មែរទាំងមូល។

ជាមួយគ្នានេះលោក សាម អ៊ីនដែលមានស្រដីទន់ភ្លន់នោះក៏បានលើកពីសម្តេចតេជោដែលពាក់អាវពណ៌ទឹកសមុទ្រដែលលោកថា បង្ហាញអំពីទឹកចិត្តដូចមហាសមុទ្ររបស់សម្តេច អាចទទួលទឹកហូរចូលពីគ្រប់ច្រកល្ហកបាន។

ចំណែកលោកផ្ទាល់វិញក៏លោកបញ្ជាក់ដែរថា ខ្លួនពាក់អាវពណ៌បៃតង ដែលបង្ហាញអំពីក្តីស្រឡាញ់បរិស្ថាននិងធម្មជាតិ៕

To Top