ភ្នំពេញ ៖ ដោយមានជំនឿយ៉ាងមុតមាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បា នបង្ហាញ ពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនថា គ្មានជំនឿលើអ៊ុយក្រែនដែលមានលោក ហ្សេលែនស្គី ជាប្រមុខដឹកនាំហើយមានសហរដ្ឋអាមេរិកនិងប្រទេសប៉ែកអឺរ៉ុប ជាខ្នងបង្អែក វាយយកទឹកដីដែលរុស្ស៊ី វាយដណ្តើមនាពេលកន្លងមកដែលមានលោក ល្លាមឌីមៀពូទីន ជាមេដឹកនាំមកវិញបាននោះទេ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ខណៈអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តពាក់មុខយក្សដាក់គ្នា សម្តេចតេជោ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៤ មិថុនា បានលើកពីបញ្ហា នៃប្រទេសទាំង២មករៀបរាប់ឲ្យក្រុមកម្មករជាង២ម៉ឺននាក់បានស្តាប់បន្តិច មុនចាប់ផ្តើមថ្លែងសន្ទរកថា។
ដោយសម្តេចគូសបញ្ជាក់យ៉ាដូច្នេះថា «ខ្ញុំសូមនិយាយរឿងហ្នឹងតិចចុះថា អ៊ុយក្រែនចាប់ផ្តើមវាយបកលើរុស្ស៊ី ប៉ុន្តែខ្ញុំគ្មានជំនឿណាមួយ(និយាយមួយបែប)ថា អ៊ុយក្រែនវាយយកទឹកដីដែលរុស្ស៊ីកាន់កាប់នោះបានមកវិញឡើយ ដោយសារកំលាំងប៉ុណ្ណឹងនោះទេ»។
សម្តេចតេជោបានលើកឡើងទៀតថា “កាលពីថ្ងៃមុនពេលជួបប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទក៏បានចោទសួរថា តើឯកឧត្តមមានគម្រោងនឹងវាយយកទឹកដីមកវិញទេ? គាត់ថាពិតជាមាន ប៉ុន្តែខ្ញុំមិនបានលើកទឹកចិត្តឲ្យវាយយកមកវិញទេ តែប្រាប់គាត់ថាគួរតែរកវិធីសន្ទនាដើម្បីដោះស្រាយ”។
សម្តេចបញ្ជាក់ថា «ឥឡូវមិនមានអ្នកណាឃាត់រារាំងអ៊ុយក្រែនវាយទៅលើរុស្ស៊ី នោះទេ។ តែខ្ញុំគ្មានជំនឿថាប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនិងដណ្តើមទឹកដីបាន ហើយរុស្ស៊ី សុខចិត្តចុះចាញ់ប្រគល់តំបន់ដែលខ្លួនកំពុងកាន់កាប់នោះទេ ពិសេសនោះតំបន់ក្រុយម៉េត និងតំបន់ក្រុងបាស»។
សម្តេចតេជោបន្តថា ទោះបីជាអាមេរិក និងលោកខាងលិចផ្តល់អាវុធប៉ុន្មានលានដើមទៅអ៊ុយក្រែន ក៏ដោយក៏មិនអាចទៅរួចដែរ ពីព្រោះរុស្ស៊ីក៏មានកំលាំងខ្លាំង ហើយនឹងវាយគ្នាទៅវិញទៅមក និងចុងក្រោយអ្នកស្លាប់គឺប្រជាជនរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ក្រោយពីប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជម្លោះរវាងប្រទេសទាំង២ នៅតែអូសបន្លាយមកដល់សព្វថ្ងៃដែលមានអាយុកាលប្រមាណជា១ឆ្នាំនិង៥ខែនោះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនក្នុងសកលលោកផងដែរ៕