បរទេស៖ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីល Cruise ចំនួនពីរគ្រាប់ក្នុងចំណោម៣គ្រាប់ ដែលរុស្ស៊ីបានបាញ់ចេញពីសមុទ្រខ្មៅ ក៏ដូចជា បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៧ គ្រឿង ក្នុងចំណោម៨គ្រឿង។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារតាមអាកាសបែបនេះ គឺជាផ្នែកទូទៅនៃការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយក្រុមមន្ត្រីអ៊ុយក្រែនបានសាទរចំពោះការងារការពារដែនអាកាសរបស់ខ្លួន ក្នុងការទប់ទល់នឹងការវាយប្រហារនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់កាលពីថ្ងៃអាទិត្យបន្ទាប់ពីការហៅទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Joe Biden ថា លោកពិតជា “ដឹងគុណជាពិសេស” ចំពោះសហរដ្ឋអាមេរិកចំពោះភាពជឿជាក់នៃប្រព័ន្ធថ្មរបស់ប្រព័ន្ធការពារអាកាស Patriot ។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងថា លោក Biden បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន រួមទាំងតាមរយៈការបន្តសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌។
លោក Zelenskyy បាននិយាយថា លោកក៏បានពិភាក្សាអំពីការប្រយុទ្ធគ្នានៅសមរភូមិមុខ និងការពង្រឹងកងទ័ពអ៊ុយក្រែននៅក្នុងការហៅរបស់លោកជាមួយលោក Biden និងការសន្ទនាស្រដៀងគ្នាកាលពីថ្ងៃអាទិត្យជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងប្រធានាធិបតីប៉ូឡូញ Andrzej Duda ផងដែរ៕ប្រែសម្រួលៈ ណៃ តុលា