ព័ត៌មានអន្តរជាតិ

កងទ័ពរំដោះប្រជាជនចិន មានទំនុកចិត្ត ក្នុងការកម្ចាត់​ឯករាជ្យភាពតៃវ៉ាន់​ ការបំបែកខ្លួន និងការជ្រៀតជ្រែកពីខាងក្រៅ

ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិន ​បានរំលឹកឡើងវិញថា កងទ័ពរំដោះប្រជាជនចិន (PLA) មានទាំងសមត្ថភាព និងទំនុកចិត្តក្នុងការកម្ចាត់ “ឯករាជ្យភាពតៃវ៉ាន់” ការបំបែកខ្លួន និងគម្រោងការជ្រៀតជ្រែកពីបរទេស។

លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នៅពេលធ្វើអត្ថាធិប្បាយលើការអនុម័តច្បាប់របស់សហរដ្ឋអាមេរិក ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន។

លោក Zhang បានលើកឡើងថា សំណួរតៃវ៉ាន់ គឺជាចំណុចស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយក៏ជាបញ្ហា និងហានិភ័យដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនង រវាងប្រទេសចិន និង​អាមេរិកផងដែរ។ ​

អ្នកនាំពាក្យបានឲ្យដឹងថា “យើងជំរុញឱ្យភាគីអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ហើយបំពេញលិខិតសន្យារបស់ខ្លួនក្នុងការមិនគាំទ្រ ‘ឯករាជ្យតៃវ៉ាន់’ ជំនួសឱ្យការនិយាយអ្វីដែលល្អ ខណៈពេលដែលធ្វើផ្ទុយពីនេះ។ ​

លោក Zhang បានសង្កត់ធ្ងន់ថា អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិនមិនដែលមាន ហើយនឹងមិនមានការបែកបាក់គ្នាឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប៉ុន្តែមួយរយៈនេះ កងកម្លាំងខាងក្រៅមួយចំនួន បានព្យាយាមគ្រប់មធ្យោបាយ ដើម្បី “ប្រើតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន” ហើយអាជ្ញាធររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ បាននិងកំពុងលាក់បាំងការបំភាន់នៃ “ការស្វែងរកការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់របៀបវារៈឯករាជ្យរបស់ពួកគេ” ដែលបានបំផ្លាញស្ថានភាពបច្ចុប្បន្ន និងកាន់តែធ្ងន់ធ្ងរ​ថែមទាំងបង្កភាពតានតឹងនៅទូទាំងច្រកសមុទ្រ៕ប្រែសម្រួល ឈូក បូរ៉ា

To Top