ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសបន្តការស៊ើបអង្កេត លើមន្ទីរពិសោធន៍អាវុធជីវសាស្រ្ត របស់អាមេរិក នៅអ៊ុយក្រែន

រូបភាព៖ Xinhua

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី នឹងបន្តសិក្សាសកម្មភាព ជីវសាស្ត្ររបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន និងមានទិន្នន័យបញ្ជាក់ ពីការងាររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងអភិវឌ្ឍអាវុធ ជីវសាស្ត្រ។

លោក Lavrov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា “ក្រសួងការពារជាតិរបស់យើង កំពុងបន្តផ្តល់ភស្តុតាងដល់សហគមន៍ពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា សហរដ្ឋអាមេរិកមានចេតនាខ្ចាត់ខ្ចាយបន្ទប់ពិសោធន៍ជីវសាស្រ្តរបស់ខ្លួននៅក្នុងតំបន់ផ្សេងៗគ្នា ដែលធ្វើឱ្យខ្លួនកាន់តែពិបាកក្នុងការអនុវត្តយន្តការផ្ទៀងផ្ទាត់។

លោកបានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងរារាំងយន្តការបែបនេះ ហើយនេះបង្ហាញថា កម្មវិធីជីវសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសបរទេស គឺមិនមែនន័យថា “គ្មានគ្រោះថ្នាក់ និងគ្មានកំហុស” នោះទេ។

លោក Lavrov បានអត្ថាធិប្បាយបន្ថែមអំពីអនាគតនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលត្រូវបានកំណត់ថា នឹងផុតកំណត់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីការបន្តនាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីការបរទេសបានឲ្យដឹងថា បច្ចុប្បន្នទីក្រុងមូស្គូ មើលមិនឃើញហេតុផល សម្រាប់ការបន្តកិច្ចព្រមព្រៀងនេះទេ ដោយបន្ថែមថា ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានបន្តទេនោះ រុស្ស៊ីនឹងបន្តផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដល់ប្រទេសក្រីក្របំផុតដោយមិនគិតថ្លៃ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top