ព័ត៌មានអន្តរជាតិ

Update៖ យ៉ាងហោចណាស់មនុស្សជាង៧០០នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលបង្កអំពើហិង្សា នៅទីក្រុងប៉ារីស

រូបភាពពី៖​ XINHUA

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៧១៩នាក់ ត្រូវបានចាប់ខ្លួនពេញមួយយប់ ដោយគិតចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ នៅក្នុងប្រទេសបារាំង ដែលជាយប់ទី៥ហើយ នៃអំពើហិង្សាដែលបានកើតឡើងនៅទូទាំងប្រទេស ដែលបានបង្កឡើងដោយការបាញ់សម្លាប់យុវជនម្នាក់ ប្រព្រឹត្តដោយមន្ត្រីប៉ូលិសម្នាក់ ។

ក្រសួងខាងលើបានឲ្យដឹង មន្ត្រីនគរបាល និងកងអាវុធហត្ថចំនួន៤៥នាក់បានរងរបួស ខណៈរថយន្តចំនួន៥៧៧គ្រឿង និងអគារចំនួន៧៤ត្រូវបានឆេះដោយភ្លើង ។

លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសបារាំង បានឲ្យដឹងកាលពីយប់ថ្ងៃសៅរ៍ ថា គឺមានភាព “ស្ងប់ស្ងាត់” ជាជាងយប់ថ្ងៃសុក្រ នៅគ្រាដែលមនុស្សចំនួន១.៣១១នាក់ត្រូវបានចាប់ខ្លួន និងរថយន្តចំនួន១.៣៥០គ្រឿងត្រូវបានដុតបំផ្លាញ ។

លោក Darmanin បានឲ្យដឹងនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គាត់យ៉ាងដូច្នេះថា កាលពីយប់ថ្ងៃសៅរ៍ កងកម្លាំងសន្តិសុខបារាំងប្រមាណ៤៥.០០០នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងការធ្វើកុបកម្ម និងការលួចប្លន់ ដោយមានប្រហែល៧.០០០នាក់នៅក្នុងទីក្រុងប៉ារីស និងនៅតាមជាយក្រុងរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top