យូអិន ៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ប្រកបដោយប្រសិទ្ធភាព នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកស្រី Rosemary DiCarlo អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាពបានឲ្យដឹងថា វាចាំបាច់ណាស់ ដែលភាគីទាំងអស់ បន្តការសន្ទនាឡើងវិញ ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន និងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាលេចធ្លោ។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការ ទប់ស្កាត់មួយចំនួនលើកម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្មលើប្រទេសនេះ ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគី របស់ខ្លួនឡើងវិញ លើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគី ចុងក្រោយទម្លាក់ចោលការ សន្យានុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ។
ថ្លែងសុន្ទរកថា នៅក្នុង សន្និសីទក្រុមប្រឹក្សា សន្តិសុខ លោកស្រី DiCarlo បានរំលឹកឡើងវិញ នូវការអំពាវនាវ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទៅកាន់សហរដ្ឋអាមេរិក ឱ្យដក ឬលើកលែងទណ្ឌកម្មរបស់ខ្លួនដូចមានចែងក្នុងកិច្ចព្រមព្រៀង និងពង្រីកការលើកលែង ទាក់ទងនឹងពាណិជ្ជកម្មប្រេង ជាមួយអ៊ីរ៉ង់។
លោកស្រីក៏បានឲ្យដឹងផងដែរ នូវការអំពាវនាវ របស់ប្រធានអង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់ ឱ្យបញ្ច្រាសជំហាន ដែលខ្លួនបានអនុវត្ត ដែលមិនស្របតាមការប្តេជ្ញាចិត្តទាក់ទងនឹង នុយក្លេអ៊ែររបស់ខ្លួន ក្រោមកិច្ចព្រមព្រៀង។
ការចរចាសម្រាប់ការរស់ឡើងវិញ នៃ JCPOA បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២១ នៅរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស ។ ទោះបីជាមានការចរចា ជាច្រើនលើកក៏ដោយ ក៏គ្មានរបកគំហើញដ៏សំខាន់ណាមួយត្រូវ បានសម្រេចចាប់តាំងពីការបញ្ចប់ជុំចុង ក្រោយក្នុងខែសីហា ឆ្នាំ២០២២ មកម្ល៉េះ។
ថ្លែងក្នុងសន្និសីទក្រុមប្រឹក្សា សន្តិសុខផងដែរ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានចង្អុលបង្ហាញថា រដ្ឋបាលអាមេរិកមុនៗ បានដកខ្លួនជាឯកតោភាគីចេញពី JCPOA និងបានដាក់សម្ពាធយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់ ដែលបង្កឱ្យមានវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់។
វាជាការសោកស្តាយ ដែលការចរចារបានជាប់គាំងចាប់តាំងពីខែសីហា ឆ្នាំ២០២២ លោក Geng បានឲ្យដឹងថា ដោយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងភាគីពាក់ព័ន្ធផ្សេងទៀត ចាប់យកសន្ទុះវិជ្ជមាន ប្រកាន់យកនូវវិធីសាស្រ្តជាក់ស្តែង និងផ្លាស់ទីក្នុងទិសដៅដូចគ្នាទៅនឹងប្រទេសអ៊ីរ៉ង់ និងជំរុញការវិលត្រឡប់ដំបូង នៃ JCPOA ឆ្ពោះទៅរកផ្លូវត្រូវ។
លោកក៏បានជំរុញ ឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មឯកតោភាគីទាំងអស់ និងវិធានការ “យុត្តាធិការអាវុធវែង” ប្រឆាំងនឹងអ៊ីរ៉ង់ និងភាគីទីបីណាមួយ បញ្ឈប់ការគម្រាមកំហែងមិនត្រឹមត្រូវ នៃការប្រើប្រាស់កម្លាំង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបន្តអនុវត្ត JCPOA ឡើងវិញឆាប់ និងពេញលេញ ៕