ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ និងពេញចិត្ត។
នាឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោថ្លែងថា «អំពាវនាវបងប្អូនជនរួមជាតិ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះដើម្បីជ្រើសរើស គណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលបងប្អូនស្រឡាញ់ពេញចិត្ត និងជឿជាក់ថា ពិតជាគណបក្សដែលដឹកនាំធ្វើឲ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត»។ ការអំពាវនាវរបស់សម្តេចតេជោនេះ ក្នុងគ្រាក្រុមប្រឆាំងនៅក្រៅប្រទេស នៅតែបន្តយុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត ប៉ុន្តែបើទៅបោះឆ្នោត ត្រូវគូសបំផ្លាញសន្លឹកឆ្នោតចោល៕