ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកន្លងមកនេះ បរិបទនយោបាយប្រទេសកម្ពុជាបានផ្លាស់ប្ដូរតាម រយៈការបោះឆ្នោតជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់សម្រាប់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសនិងមតិពិភពលោកទាំងមូល។
ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ គណបក្ស ដើម្បីដណ្តើមអសនៈក្នុងរដ្ឋសភាចំនួន១២៥។
ឯកឧត្តមប្រាជ្ញ ចន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.បបានមាន ប្រសាសន៍ថា ប្រជាពលដ្ឋចេញទៅបោះបោះឆ្នោត សរុបមានចំនួនជាង៨លាននាក់ ស្មើនឹង៨៤.៥៨ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩,៧១០,៦៥៥នាក់។
ឯកឧត្តមបន្ថែមថា កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ចាប់ពីវេលាម៉ោង៧:០០ នាទីព្រឹក ការិយាល័យបោះឆ្នោតចំនួន ២៣,៧៨៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលមិនបានបើកទេ។
បើតាមការបញ្ជាក់ពីគ.ជ.បការបោះឆ្នោតនេះ បានដំណើរការទៅដោយមានវត្តមានអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ភ្ញៀវពិសេសនិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលតាំងពីដើមរហូតដល់ចប់។ ក្នុងនោះមានអ្នកសង្កេតការណ៍អន្ដរជាតិប្រមាណជាង៤០០នាក់មកពីបណ្ដាស្ថាប័នចំនួន៦០ នៅទូទាំងពិភពលោក និងមានអ្នកសង្កេតការណ៍ជាតិសរុបចំនួន៧៤,៣៤១នាក់។ ចំណែកអ្នកសារព័ត៌មានជាតិ មានចំនួនសរុប ១.២៨៩ នាក់មកពី១២៧អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ មានចំនួនសរុប ១៣៧ នាក់មកពី៣៨អង្គភាព។
បន្ទាប់ពីបានចូលរួមសង្កេតការណ៍បោះឆ្នោតរួចមក តំណាងគណបក្សនយោបាយ ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានចេញសេចក្តីប្រកាសវាយតម្លៃគាំទ្រចំពោះដំណើរការបោះឆ្នោតនេះជាបន្តបន្ទាប់។
ឯកឧត្តមកឹមរ័ត្ន វិសិដ្ឋប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានលើកឡើងថា ប្រទេសកម្ពុជាបានឈានចូលដល់ដំណាក់កាលមួយ នៃដំណើរការប្រជាធិបតេយ្យ ដែលមានភាពចាស់ទុំ សម្រាប់គណបក្សនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣។ ការបោះឆ្នោតនេះ គឺមានភាពត្រឹមត្រូវ សេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ មិនមានការបំភិតបំភ័យអ្វីទាំងអស់។
ឯកឧត្តមកឹមរ័ត្ន បញ្ជាក់ថា ចំណុចមួយដែលបានឃើញទាំងអស់គ្នាហើយភ្ញាក់ផ្អើលនោះ អត្រាអ្នកអញ្ជើញទៅបោះឆ្នោតរហូតទៅដល់ជាង៨៤ភាគរយឯណោះ ដែលជាអត្រាខ្ពស់ណាស់ធៀបទៅនឹងអត្រាដែលអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។
សំឡេង « ការប្រព្រឹត្តទៅនៃការ បោះឆ្នោតនេះ គឺមានភាពត្រឹមត្រូវ សេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ មិនមានការបំភិតបំភ័យអ្វីទាំងអស់ ខ្ញុំគិតថា នេះគឺជាចំណុចមួយសំខាន់ដោយសារប្រទេសកម្ពុជាយើងបានឈានចូលដល់ ដំណាក់ កាលមួយនៃដំណើរការប្រជាធិបតេយ្យ ដែលមានភាពចាស់ទុំគួរសមហើយ»។
ជាមួយគ្នានោះដែរ ប្រតិភូអន្តរសភាអាស៊ាន (AIPA) ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំនេះនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣បានវាយតម្លៃថា ដំណើរការបោះឆ្នោតនៅកម្ពុជាបានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានការរៀបចំបានល្អ។
គណៈប្រតិភូ AIPA មានឱកាស ដើម្បីសង្កេតមើលអំឡុងពេលមុន ការបោះឆ្នោត ដែលត្រូវបានកត់សម្គាល់ដោយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជន ធ្វើយុទ្ធនាការដោយសេរី។ វត្តមានរបស់គណបក្សនយោបាយជាច្រើនដែលតំណាងឱ្យមនោគមវិជ្ជាចម្រុះ បានអនុញ្ញាតឱ្យមានការពិភាក្សានយោបាយដ៏រស់រវើក និងផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសចម្រុះ។
បើងាកមកមើលលទ្ធផលបឋម នៃការបោះឆ្នោតឆ្នោតនេះវិញគណបក្សនយោបាយ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេលើសលប់នោះគឺគណបក្សប្រជាជនកម្ពុជាបន្ទាប់មកគណបបក្សហ៊្វុនស៊ីនប៉ិច ។
បើយោងតាមលទ្ធផលក្រៅផ្លូវការគណបក្សប្រជាជនកម្ពុជាឈ្នះ១២០អសនៈ និងគណបក្សហ៊្វុនស៊ីនប៉ិច ឈ្នះ៥អសនៈ ខណៈដែលអសនៈក្នុងរដ្ឋសភាទាំងអស់មានចំនួន១២៥។
ក្រុមអ្នកតាមដានផ្នែកសង្គមបានចាត់ទុកថាព្រឹត្តិការណ៍នៃការបោះឆ្នោតនៅកម្ពុជានីតិកាលទី៧ ឆ្នាំ២០២៣នេះបានធ្វើឱ្យកម្ពុជាបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត គឺរដ្ឋសភានីតិកាលនេះ នឹងមានសំឡេងគណបក្សនចំនួន២ធ្វើការនៅរដ្ឋសភា ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។
សរុបសេចក្តីមក ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នេះបានប្រព្រឹត្តិទៅតាមបែបលទ្ធិប្រជាធិបតេយ្យ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគ្មានអំពើហិង្សាចាប់តាំងពីការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយរហូតមកដល់ការរាប់សន្លឹកឆ្នោត ខណៈដែលទាំងនេះបញ្ជាក់ថា ប្រទេសកម្ពុជាពិតជាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីលើមាគ៌ាប្រជាធិបតេយ្យពិតប្រាកដ៕
(អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន )