ភ្នំពេញ ៖ ក្រោយពីគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ យ៉ាងត្រចះត្រចង់នោះ លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-វៀតណាម។
តាមរយៈលិខិតផ្ញើជូន សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាឱកាសដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក វឿង ឌិញហ្វេ មានសេចក្តីសោមនស្សរីករាយ ដែលកម្ពុជាបានរៀបចំការបោះឆ្នោតយ៉ាងជោគជ័យ។
លោក បន្ដថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ និងបន្តធ្វើជាគណបក្សកាន់អំណាច។ ក្នុងនាមរដ្ឋសភាវៀតណាម លោក បានសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេច ហេង សំរិន និងប្រជាជនកម្ពុជាទាំងអស់។
លោក មានជំនឿចិត្តថា ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើន លើមាគ៌ាឆ្ពោះទៅ រកការកសាងប្រទេសកម្ពុជាប្រកបដោយស្ថិរភាព អភិវឌ្ឍនភាព និងវិបុលភាព ហើយតួនាទី និងជំហររបស់ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើនទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
លោក ប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឱ្យឡើងដល់កម្រិតកំពូលថ្មីមួយ ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងរបស់ប្រជាជន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក»៕