ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកយកនូវការអះអាងរបស់អ្នកវិភាគនយោបាយនៅកម្ពុជា ថា កម្ពុជាអនុវត្តសិទ្ធសេរីភាពពេញលេញ ជារដ្ឋឯករាជ្យនិងមិនខ្វល់ចំពោះ ជំនួយណា ដែលមានបង្កប់ថ្នាំពុល នោះទេ។
ការលើកឡើង របស់អ្នកវិភាគបែបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសកាត់បន្ថយជំនួយអភិវឌ្ឍន៍ ដល់កម្ពុជាចំនួន១៨លានដុល្លារក្នុងមួយឆ្នាំ ក្រោយផែនការកូនជឹង របស់ខ្លួន ទទួលបរាជ័យ ជាបន្តបន្ទាប់ នៅក្នុងផែនការ បំផ្លាញការបោះឆ្នោត នៅកម្ពុជា។
តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះលោក សយ សុភាព បានលើកយក នេះជារលកសញ្ញា ដែលសហរដ្ឋអាមេរិក មានផែនការប្រឆាំងចិន កាន់តែចេញមុខចំហរក្រោយ ពីកូនជឹងប្រឆាំងរារដ្ឋាភិបាល មិនទៅមុខនិងបែកបាក់ ជាបន្តបន្ទាប់។ ចំណែកចិន ក៏នឹងមិនអនុញ្ញាតិឱ្យអាមេរិក ធ្វើអនុត្តរភាពប្រទេស ជាសម្ព័ន្ធមិត្តនៅអាស៊ី ក្នុងនោះមានទាំងកម្ពុជា ផង។
អ្នកវិភាគ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងមិនអនុគ្រោះដែរ ចំពោះពួកឧទ្ទាម ប៉ុនប៉ងបំផ្លាញកម្ពុជា គ្រប់ទម្រង់ នៃបដិវត្តន៍ក្លែងភេទ ដូចជាផែនការបង្កើតរដ្ឋាភិបាល និរទេសខុសច្បាប់ ឬបង្កើតចលនា ដែលមានចរិកជាអង្គការចាត់តាំងនយោបាយ និងអាចមានរូបភាពហិង្សា។
អ្នកវិភាគ គួសបញ្ជាក់ថា «កម្ពុជាអនុវត្តសិទ្ធសេរីភាពពេញលេញ ជារដ្ឋឯករាជ្យនិងមិនខ្វល់ចំពោះ ជំនួយណា ដែលមានបង្កប់ថ្នាំពុល នោះទេ។ កម្ពុជាស្វាគមន៍ ជានិច្ចរាល់ជំនួយអភិវឌ្ឍន៍ និងសហប្រតិបត្តការណ៍ គ្រប់ប្រទេសទាំងអស់ និងអង្គការអន្តរជាតិ»៕