បរទេស៖ ក្រសួងការពារជាតិនៅទីក្រុង Minsk របស់ប្រទេសបេឡារុស្ស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Warsaw (ប៉ូឡូញ) មិនបានបង្ហាញពីភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនថា ឧទ្ធម្ភាគចក្របេឡារុស្ស២គ្រឿងរបស់បេឡារុស្ស បានឆ្លងចូលទៅក្នុងដែនអាកាសប៉ូឡូញនោះទេ ដោយក្រសួងការពារជាតិ បានទទូចថា មិនមានការរំលោភបំពានបែបនេះកើតឡើងឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិបេឡារុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ថា “គ្មានការរំលោភលើដែនអាកាស [ប៉ូឡូញ] ដោយឧទ្ធម្ភាគចក្រ Mi-24 និង Mi-8 បានកើតឡើងទេ” ដោយកត់សម្គាល់ដោយគ្មានការបញ្ជាក់គោលបំណងថា បេឡារុស្សបានចាត់ទុកការអះអាងរបស់ប៉ូឡូញថា “ស្មើនឹងការប្រឌិត” ។
នៅព្រឹកថ្ងៃដដែល រដ្ឋាភិបាលនៅទីក្រុង Warsaw បានកោះហៅ ភារធារីនៃប្រទេសបេឡារុស ដោយបានបង្ហាញ “ការតវ៉ាយ៉ាងខ្លាំង” និងទាមទារឱ្យ “ពន្យល់ជាបន្ទាន់ និងលម្អិត” អំពីឧប្បត្តិហេតុ ដែលអាជ្ញាធរប៉ូឡូញបាននិយាយថា ឧទ្ធម្ភាគចក្រទាំង២គ្រឿងរបស់បេឡារុស្ស បានវង្វេងចូលទៅក្នុង ដែនអាកាសរបស់រដ្ឋសមាជិកណាតូ។
ក្រសួងការបរទេសប៉ូឡូញបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសប៉ូឡូញ “រំពឹងថាប្រទេសបេឡារុស្សនឹងជៀសវាងពីសកម្មភាពបែបនេះ” ដែលតំណាងឱ្យ “ធាតុមួយផ្សេងទៀតនៅក្នុងការកើនឡើង នៃភាពតានតឹងនៅតាមព្រំដែនប៉ូឡូញ-បេឡារុស្ស” ៕ ប្រែសម្រួលៈ ណៃ តុលា