ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញថា អ៊ុយក្រែន បានធ្វើកំហុសដ៏ធំមួយ

AFP

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា អ៊ុយក្រែនបានធ្វើកំហុសដ៏ធំមួយ ដោយកោះហៅបេសកជនរបស់ទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) ជុំវិញការកត់សម្គាល់ពីបុគ្គលិក ប្រធានាធិបតីជាន់ខ្ពស់ ដែលបានស្នើឱ្យក្រុងកៀវ គួរតែដឹងគុណបន្ថែមទៀត ចំពោះជំនួយបរទេសដ៏ច្រើន ដែលខ្លួនបានទទួល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្លើយតបនៅក្នុងលើកឡើងកាលពីថ្ងៃអង្គារ លោក Morawiecki បាននិយាយថា ការសម្រេចចិត្តកោះហៅ ឯកអគ្គរដ្ឋទូតប៉ូឡូញ “មិនគួរកើតឡើងនោះទេ” ដោយរំលឹកថា ប្រទេសរបស់លោកបានគាំទ្រ អ៊ុយក្រែនចាប់តាំងពីជម្លោះ ជាមួយរុស្ស៊ីបានផ្ទុះឡើងកាលពីឆ្នាំមុន។

នាយករដ្ឋមន្ត្រីប៉ូឡូញ បាននិយាយទៀតថា “នៅក្នុងនយោបាយអន្តរជាតិ ប្រឈមមុខនឹងសង្រ្គាមដែលកំពុងបន្ត ហើយដោយគិតគូរពីការគាំទ្រដ៏ធំសម្បើម ដែលប៉ូឡូញបានផ្តល់ឲ្យអ៊ុយក្រែន កំហុសបែបនេះមិនគួរកើតឡើងឡើយ”។ យើងនឹងការពារឈ្មោះដ៏ល្អរបស់ប៉ូឡូញ សន្តិសុខរបស់ខ្លួន និងផលប្រយោជន៍របស់ប្រទេសណាមួយ ដែលគ្មាននរណាអាចឈ្នះលើផលប្រយោជន៍ នៃសាធារណរដ្ឋប៉ូឡូញឡើយ»។

សូមជម្រាបថា ការថ្កោលទោសរបស់នាយករដ្ឋមន្ត្រីប៉ូឡូញនេះ បានធ្វើឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅឯកអគ្គរដ្ឋទូតប៉ូឡូញ ប្រចាំនៅទីក្រុងគៀវ លោក Bartosz Cichocki ដើម្បីពិភាក្សាអំពីសេចក្តីថ្លែងការណ៍ថ្មីៗ របស់ប្រធានការិយាល័យ គោលនយោបាយអន្តរជាតិ នៅក្នុងរដ្ឋបាលប្រធានាធិបតីប៉ូឡូញ លោក Marcin Przydacz ៕

ប្រែសម្រួលៈ ណៃ តុលា

To Top