ព័ត៌មានអន្តរជាតិ

ជប៉ុន ប្ដេជ្ញាផ្ដល់ការគាំទ្របន្ថែម សម្រាប់អ៊ុយក្រែន ដើម្បីស្ដារប្រទេសអឺរ៉ុបខាងកើត មួយនេះឡើងវិញ

Kyodo

តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុ ងការផ្តល់លំនៅដ្ឋានបន្ថែម ជំនួយបច្ចេកទេស និងជំនួយផ្សេងទៀតដល់អ៊ុយក្រែន ក្នុងគោលបំណងបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយកសាងប្រទេសអឺរ៉ុបខាងកើត ដែលត្រូវបានបំផ្លាញដោយ សង្រ្គាមរបស់រុស្ស៊ីឡើងវិញ។

លោក Masato Kanda អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុទទួលបន្ទុក កិច្ចការអន្តរជាតិ បានធ្វើការកត់សម្គាល់បន្ទាប់ពី បានជួបគ្នានៅទីក្រុងគឿវ ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serhii Marchenko ខណៈដែលប្រទេសទាំងពីរ បានចាប់ផ្តើមកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុ។

លោក Kanda បានប្រាប់អ្នកយកព័ត៌មានថា “ប្រទេសជប៉ុន នឹងបន្តគាំទ្រអ៊ុយក្រែនតាមតម្រូវការ” ដោយបន្ថែមថាទីក្រុងតូក្យូ បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយបន្ថែមតាមរយៈ គម្រោងរបស់ធនាគារពិភពលោក ដែលមានគោលបំណងជួសជុល និងសាងសង់លំនៅដ្ឋាន ដែលរងការខូចខាតដោយសារសង្រ្គាមឡើងវិញ។

ជំនួយ​របស់​ជប៉ុន​ដល់​អ៊ុយក្រែន​ បាន​កើន​ដល់ ៧,៦ ពាន់​លាន​ដុល្លារ​ នេះ​បើ​តាម​ក្រសួង​ហិរញ្ញវត្ថុ។ កាលពីខែមិថុនា ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចីចំនួន ១,៥ ពាន់លានដុល្លារ សម្រាប់ការស្តារ និងកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានធានាដោយរដ្ឋាភិបាលជប៉ុន។

សេចក្តីប្រកាសព័ត៌មានរួមបានឲ្យដឹងថា អ៊ុយក្រែន បានសម្តែងការដឹងគុណ ចំពោះសាមគ្គីភាព និងការគាំទ្ររបស់ប្រទេសជប៉ុន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយភាគីទាំងពីរបានយល់ព្រម ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ប្រទេសជប៉ុន ដែលកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រទេសទាំង៧ នៅឆ្នាំនេះ បានបញ្ជាក់ពី “ការគាំទ្រមិនផ្លាស់ប្តូរ” របស់ខ្លួន ហើយបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញតាមគោលដៅ របស់ក្រុមក្នុងការធ្វើឱ្យរុស្ស៊ី ចំណាយសម្រាប់ការកសាងឡើងវិញ រយៈពេលវែងរបស់អ៊ុយក្រែន ដែលរងគ្រោះដោយការឈ្លានពាន មិនសមហេតុផល” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top