ព័ត៌មានអន្តរជាតិ

រុស្ស៊ី បំផ្លាញយន្ដហោះដ្រូន UAV លើតំបន់កាលូហ្គា

AFP

ម៉ូស្គូ៖​ អភិបាលតំបន់កាលូហ្គា លោក Vladislav Shapsha បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះដ្រូនមួយគ្រឿង ពីលើតំបន់កាលូហ្គា របស់ប្រទេសនេះ។

លោក Shapsha បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា “មិនមានផលប៉ះពាល់ដល់ មនុស្សឬហេដ្ឋារចនាសម្ព័ន្ធនោះទេ” ដោយតំបន់កាលូហ្គា មានព្រំប្រទល់ជាប់តំបន់មូស្គូ នៅភាគខាងជើង។

ទីប្រឹក្សាសន្តិសុខ និងអ្នកតំណាងមកពីប្រទេសចំនួន ៤៣ កាលពីថ្ងៃអាទិត្យ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុង Jeddah ដែលជាទីក្រុងឆ្នេរសមុទ្រនៅភាគខាងលិច ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលពួកគេ បានពិភាក្សាអំពីដំណោះស្រាយ ចំពោះវិបត្តិអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ។

កិច្ចប្រជុំបិទទ្វារនេះមានការចូលរួម ពីប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ដែលភាគច្រើនបានរក្សាភាពអព្យាក្រឹតក្នុងវិបត្តិ។ តំណាង​ពិសេស​របស់​រដ្ឋាភិបាល​ចិន ​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ាស៊ី លោក Li Hui ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ។

អ្នកវិភាគបានឲ្យដឹងថា ការចូលរួមរបស់ចិន ឆ្លុះបញ្ចាំងពីតួនាទីរបស់ខ្លួន ជាប្រទេសសំខាន់ ដែលមានការទទួលខុសត្រូវ ក្នុងការលើកកម្ពស់សន្តិភាព ហើយកិច្ចប្រជុំតំណាងឱ្យកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយវិបត្តិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top