ភ្នំពេញ ៖ ស្ពានកោះពេជ្រភ្ជាប់ទៅកាន់កោះនរា កាន់តែជិតភ្ជាប់និស្ស័យហើយ ខណៈព័ត៌មានទទួលបានពីក្រុមការងារសាងសង់ គឺកំពុងខិតខំធ្វើដើម្បីឲ្យរួចរាល់តាមផែនការកំណត់ទុក នៅអំឡុងខែវិច្ឆិកា ។ នេះបើតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរាជធានីភ្នំពេញ នាថ្ងៃ១០ សីហា ។
បើតាមលោក កើត ឆែ ដដែល “គម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន មុនព្រះរាជពិធីបុណ្យអុំទូក(២៦-២៧-២៨វិច្ឆិកា) ខាងមុខនេះ” ។
ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងកាត់បន្ថយការកកស្ទះចរាចរ នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ ។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពានមានប្រវែង៨២៤ម៉ែត្រ ទទឹង២៤.៥០ម៉ែត្រ ហើយគ្រោងសាងសង់៣៥ខែ ដោយចំណាយថវិកា៣៨លានដុល្លារ៕