ព័ត៌មានអន្តរជាតិ

Update៖ ករណីផ្ទុះរោងចក្រមួយនៅរុស្ស៊ី បណ្តាលឲ្យមានអ្នករងរបួស រហូតដល់ ៨០នាក់

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍
ក្រសួងសុខាភិបាលរបស់​ ប្រទេសរុស្ស៊ីបានឲ្យដឹងថា ចំនួនអ្នករងរបួសនៅក្នុងការបំផ្ទុះ នៅឯរោងចក្រមួយកន្លែងនៅក្នុងទីក្រុង Sergiev Posad នៃតំបន់ម៉ូស្គូ កាលពីថ្ងៃពុធបានកើនឡើងដល់ ៨០នាក់ហើយ ដោយបានបូកបន្ថែមថា មនុស្សចំនួន១៥នាក់ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងតាមទិន្នន័យគឺមានមនុស្សចំនួន ៨០នាក់បានរងរបួស ហើយមនុស្សម្នាក់បានស្លាប់ដោយសារ គ្រោះថ្នាក់នៅឯរោងចក្រមួយនៅក្រុង Sergiev Posad” ។

លោក Andrei Vorobiev អភិបាលនៃតំបន់ម៉ូស្គូ បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ១០និង៤០នាទីព្រឹកថ្ងៃពុធ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧និង៤០នាទីម៉ោងសកល នៅឯឃ្លាំងផ្ទុកសារធាតុម្យ៉ាងឈ្មោះថា pyrotechnic ដែលត្រូវបានជួលនៅលើទឹកដី នៃរោងចក្រអុបទិក-មេកានិក ដោយក្រុមហ៊ុនឯកជនមួយ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែល ដកស្រង់សម្តីរបស់អនុប្រធានរដ្ឋ Duma បានឲ្យដឹងថា ការផ្ទុះនេះអាចកើតឡើងដោយសារតែ “ការបំពានលើដំណើរការបច្ចេកវិជ្ជា” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top