ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញសំណេះសំណាលជាមួយ ស្ថាបត្យករ វិស្វករ កម្មករ កម្មការិនី សាងសង់អគារ ទីស្ដីការក្រសួងមហាផ្ទៃ

រូបភាពពីហ្វេសប៊ុក សម្ដេច ស ខេង

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយស្ថាបត្យករ វិស្វករ កម្មករ កម្មការិនី សាងសង់អគារ ទីស្ដីការក្រសួងមហាផ្ទៃ។

រូបភាពពីហ្វេសប៊ុក សម្ដេច ស ខេង

នាឱកាសនោះ សម្ដេច ស ខេង បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាមន្ត្រីរាជការគ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងមន្ត្រីរដ្ឋបាលស៊ីវិល ក្រុមកងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលផ្តល់ការឯកភាព គាំទ្រ ក៏ដូចជាផ្តល់ធនធាន ក្នុងការកសាងអគារទីស្តីការក្រសួងមហាផ្ទៃ ។

រូបភាពពីហ្វេសប៊ុក សម្ដេច ស ខេង

សម្ដេច បន្តថា រូបសម្ដេចផ្ទាល់ ក៏ដូចថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធបានខិតខំចាត់ចែងអនុវត្ត ការសម្រេចចិត្ត ប្រកបដោយការទទួលខុសត្រូវ ដោយ ជ្រើសរើស ក្រុមហ៊ុនដៃគូ ដើម្បីសាងសង់ ដូចបានបញ្ជាក់នៅក្នុងរបាយការណ៍ តំណាងក្រុមហ៊ុនហើយថា ជាមោទនភាពមួយ ដ្បិតកន្លងមកខ្មែរ តែងគិតថា មានតែបរទេសទេ ដែលអាចសាសង់អគារខ្ពស់នេះបាន ។

រូបភាពពីហ្វេសប៊ុក សម្ដេច ស ខេង

សម្ដេច ក៏បានថ្លែងអំណរគុណ និងកោតសរសើរអស់ពីដួងចិត្ត ចំពោះក្រុមហ៊ុនទាំងពីរ ទាំងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ ដែលធ្វើការប្រកបដោយការទទួលខុសត្រូវ តាំងពីការចាប់ផ្តើម រហូតមកទល់ពេលនេះ គឺក្រុមហ៊ុនបានសហការគ្នា សាមគ្គីភាព ឯកភាព ធ្វើការជាមួយគ្នាល្អ ។

រូបភាពពីហ្វេសប៊ុក សម្ដេច ស ខេង

សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តផងដែរ ចំពោះអ្នកជំនាញ កម្មករកម្មការិនីទាំងអស់ ដែលបានចូលរួមក្នុងការ កសាងសំណង់នេះ ជាពិសេសបានចូលរួមអនុវត្តវិន័យការងារ ធ្វើគ្មានករណីគ្រោះថ្នាក់ ណាមួយកើតឡើង ។ សម្ដេចបន្ថែមថាលទ្ធផលនេះ ដោយសារកត្តាពីរយ៉ាង គឺកត្តាក្រុមហ៊ុនដែលមានមធ្យោបាយ មានបទបញ្ញត្តិ បទបញ្ជាផ្ទៃក្នុងច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងទីពីរគឺការចូលរួមរបស់កម្មករ កម្មការិនី ។ សម្ដេច ក៏បានថ្លែងអំណរគុណក្រសួងស្ថាប័ន ដែលមានការពាក់ព័ន្ធ ដែលបានគាំទ្រ គម្រោងសាងសង់អគារនេះតាំងពីដើម រហូតបញ្ចប់គម្រោងផងដែរ៕

To Top