ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលហោះហើរ ពីលើរដ្ឋធានីម៉ូស្គូ

រូបភាពពី៖​ XINHUA

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា លោក Sergei Sobyanin អភិបាលក្រុងម៉ូស្គូ បានឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់គាត់ថា នៅថ្ងៃសុក្រនេះ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលប៉ុនប៉ង ហោះហើរពីលើរដ្ឋធានីរបស់ប្រទេសរុស្ស៊ី ។
លោកបានលើកឡើងថា កម្ទេចកម្ទីបានធ្លាក់នៅតំបន់ Expocentre ដែលបណ្តាលឱ្យខូចខាតផ្នែកខ្លះ នៃជញ្ជាំង ។

មិនមានអ្នករងរបួសនោះទេ ហើយក្រុមសេវាសង្គ្រោះបន្ទាន់របស់ទីក្រុងកំពុងធ្វើការនៅកន្លែងកើតហេតុ ។

ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី បានផ្សាយថា ការដួលរលំមួយផ្នែក នៃជញ្ជាំងខាងក្រៅបានកើតឡើងនៅក្នុងនៃអគារ Expocentre ដែលមានទីតាំងនៅលើទំនប់ទឹក Krasnopresnenskaya ក្នុងទីក្រុងម៉ូស្គូ ។ ផ្ទៃដីដែលបាក់នោះមានទំហំប្រហែល៣០ម៉ែត្រការ៉េ ។

អាកាសយានដ្ឋាន Vnukovo ដែលនៅជិតនោះបានបិទដែនអាកាសរបស់ខ្លួនសម្រាប់ការហោះហើរយន្តហោះ ប៉ុន្តែបានបើកឡើងវិញភ្លាមៗបន្ទាប់ពីហេតុការណ៍កើតឡើង ។ ក្រុមប្រឹក្សាព័ត៌មានរបស់អាកាសយានដ្ឋាន បានឲ្យដឹងថា ការចេញដំណើរចំនួន៦ និងការមកដល់ចំនួន៨ត្រូវបានពន្យារពេល ក្នុងនោះជើងហោះហើរចំនួន៥ត្រូវបានប្តូរទិសទៅកាន់អាកាសយានដ្ឋានផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top