ប្រមុខរដ្ឋ នៃប្រទេសទាំងពីរចិន និងអាហ្វ្រិកខាងត្បូង បានរួមគ្នាធ្វើជាសក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្តការ ចំនួន១១ច្បាប់ ភាគីទាំងពីរ បានចេញផ្សាយ សេចក្តីថ្លែងការណ៍រួម ដើម្បីឈានដល់គំនិតឯកភាពរួម ដ៏សំខាន់មួយចំនួន លោក Ramaphosa ប្រធានាធិបតី អាហ្វ្រិកខាងត្បូង បានបំពាក់ “ឥស្សរិយយសអាហ្វ្រិកខាងត្បូង ” ដែលជាគ្រឿង ឥស្សរិយយស ខ្ពស់បំផុត និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត របស់អាហ្វ្រិកខាងត្បូង ជូនចំពោះលោក Xi Jinping ។ល។ សមិទ្ធផលជាផ្លែផ្កាទាំងនេះ ជាការបកស្រាយដ៏ល្អបំផុតចំពោះ “យុគសម័យមាស” របស់ទំនាក់ទំនងរវាងចិន និងអាហ្វ្រិកខាងត្បូង ។
ឆ្នាំនេះជាខួបទី២៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងចិន និងអាហ្វ្រិកខាងត្បូង ។ ក្នុងរយៈពេល២៥ ឆ្នាំកន្លងមក ប្រទេសទាំងពីរ បានឆ្លងកាត់ បម្រែបម្រួល នៃឆាកអន្តរជាតិ សម្រេចបាននូវការអភិវឌ្ឍ បែបលោតផ្លោះដែលបានប្រែពីទំនាក់ទំនង ភាពជាដៃគូ និងទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ ក្លាយទៅជាទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ ។ នៅថ្ងៃទី២២ ខែសីហា តាមម៉ោងក្នុងតំបន់ ខណៈពេលធ្វើកិច្ចជំនួប ប្រមុខរដ្ឋប្រទេសទាំងពីរ បានឯកភាពគ្នាថា នឹងចាប់ដៃគ្នាជំរុញ ទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយរវាងចិន និងអាហ្វ្រិកខាងត្បូង ឱ្យឡើងដល់កម្រិតថ្មី ជាបន្តបន្ទាប់ និងចាប់ដៃគ្នាកសាងសហគមន៍រួម វាសនារវាងចិននិងអាហ្វ្រិកខាងត្បូង ប្រកបដោយកម្រិតខ្ពស់ ។
សូមបញ្ជាក់ថា អាហ្វ្រិកខាងត្បូង ជាប្រទេសនៅទ្វីបអាហ្វ្រិកទីមួយ ដែលបានចូលរួមកិច្ចសហប្រតិបតិ្តការ ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ហើយប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំទីមួយនៅអាហ្វ្រិកក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ព្រមពេលជាមួយគ្នានេះ អាហ្វ្រិកខាងត្បូង ក៏ជាគោលដៅវិនិយោគធំបំផុតមួយ របស់ចិននៅទ្វីអាហ្វ្រិក ទំហំបណ្តាក់ទុនសរុប របស់ចិននៅអាហ្វ្រិកខាងត្បូង លើសពី២៥ពាន់លានដុល្លារអាមេរិក ដែលបានផ្តល់ឱកាសការងារចំនួនជាង៤សែននាក់ ដល់អាហ្វ្រិកខាងត្បូង ។ នៅឆមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងអាហ្វ្រិក បានកើនជាង១១,៧ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
បច្ចុប្បន្ននេះ ប្រទេសចិន បាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ហើយអាហ្វ្រិកខាងត្បូង ក៏កំពុងស្វែងរកផ្លូវអភិវឌ្ឍន៍ទំនើប ដែលសមស្របនឹងសភាពការណ៍ជាតិ របស់ខ្លួនផងដែរ ។ ប្រទេសចិន បានបង្ហាញថា រីករាយបណ្តុះបំប៉ន ចំណុចកំណើនថ្មីរបស់កិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរ និងនាំចេញផលិតផល ដែលមាន គុណភាពខ្ពស់ នៃប្រទេសអាហ្វ្រិកខាងត្បូង ឱ្យបានកាន់តែច្រើន ក៏ដូចជាជួយអាហ្វ្រិកខាងត្បូង អនុវត្តគម្រោងភូមិជាគំរូ ស្តីពីការកាត់បន្ថយភាពក្រីក្រ ។ កិច្ចព្រមព្រៀង សហប្រតិបតិ្តការទ្វេភាគី ដែលប្រទេសទាំងពីរ បានចុះហត្ថលេខា បានគ្របដណ្តប់ខ្លឹមសារ ដូចជាការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” អគ្គិសនីថាមពលថ្មី តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម សេដ្ឋកិច្ចព័ណ៌ខៀវ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាជាដើម ។ លោក Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានថ្លែងថា ការបណ្តាក់ទុន និងកិច្ចសហប្រតិបតិ្តការ របស់ចិនបានជំរុញយ៉ាងខ្លាំង នូវការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមរបស់អាហ្វ្រិកខាងត្បូង លោកសូមស្វាគមន៍ សហគ្រាសចិនកាន់តែច្រើន ទៅបណ្តាក់ទុននិងប្រកបអាជីព នៅអាហ្វ្រិកខាងត្បូង ។
ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោក បាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួល និងច្របូកច្របល់ ប្រជាជនរំពឹងទុកចង់បានសន្តិភាពនិងការអភិវឌ្ឍ ក៏ដូចជាស្វែង រកសមភាព និង យុត្តិធម៌ ប៉ុន្តែប្រទេសលោកខាងលិចមួយចំនួនតូច ដាក់ទណ្ឌកម្មដោយឯកតោភាគី បង្កើត “របាំង” ញុះញង់ឱ្យមាន ការបែកបាក់ និងបដិបក្ខគ្នា ដែលបាននាំមកនូវការ វាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍសកល និងសណ្តាប់ធ្នាប់អន្តរជាតិ ។
ក្នុងកិច្ចជំនួបលើកនេះ ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ថា គាំទ្រអាហ្វ្រិកខាងត្បូងដើរ តួនាទីកាន់តែធំក្នុងកិច្ចការ អន្តរជាតិនិងតំបន់ រីករាយរួមសហការជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបូករួមទាំងប្រទេសអាហ្វ្រិកខាងត្បូង ជាដើម អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។ ភាគីអាហ្វ្រិកខាងត្បូងបានថ្លែងថា អាហ្វ្រិកខាងត្បូងនិងប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀត សុទ្ធតែសង្ឃឹមឱ្យបង្កើន សាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ជាមួយប្រទេសចិន ជំរុញការបង្កើត របៀបរៀបរយអន្តរជាតិ ដែលមានភាពកា់តែស្មើគ្នា យុត្តិធម៌និងសមហេតុសមផល ។ អាចប៉ាន់ប្រមាណថា កិច្ចសហប្រតិបតិ្តការរវាងចិន និងអាហ្វ្រិក មានភាពកាន់តៃជិតស្និទ្ធ កម្លាំងគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិក៏មានភាព កាន់តែខ្លាំងឡើងៗ ។
ពេលមុននឹងចេញដំណើរទស្សនកិច្ច អត្ថបទរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានចុះផ្សាយនៅប្រព័ន្ធសារព័ត៌មាន នៃប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងអាហ្វ្រិកខាងត្បូងមានប្រតិកម្មតបយ៉ាងខ្លាំងជាទូទៅ ។ សមិទ្ធផលជាផ្លែផ្កា របស់ដំណើរទស្សនកិច្ចលើកនេះ នឹងធ្វើឱ្យ “យុគ សម័យមាស” របស់ចិន និងអាហ្វ្រិកខាងត្បូង មានលក្ខណៈពិសេសកាន់តែលេចធ្លោ ព្រមនឹងអាចបំពេញបន្ថែមកម្លាំង ចលករថ្មីដល់ការ ពង្រីក កិច្ចសហប្រតិបតិ្តការរវាងចិន និងអាហ្វ្រិកខាងត្បូង ក៏ដូចជាគាំពារសន្តិភាព និងការអភិវឌ្ឍសកលផងដែរ ៕
អត្ថបទ៖ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន