ព័ត៌មានជាតិ

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ឲ្យសិក្សាបង្កើតភូមិគំរូមានសក្ដានុពល និងអំណោយផល នៅសហគមន៍ជនជាតិដើមភាគតិច

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំ និងជំរុញនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចឲ្យសិក្សា បង្កើតភូមិគំរូដែលមានសក្ដានុពល និងអំណោយផលលើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិផលផ្សេងៗ នៅតំបន់សហគមន៍ជនជាតិដើមភាគតិច ។

ការណែនាំនេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ទទួលបន្ទុកនាយកដ្ឋាន និងមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៅថ្ងៃ៦ កញ្ញា ។

ក្នុងជំនួបនេះ លោក ឆាយ ឫទ្ធិសែនថា នាយដ្ឋានទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ និងបានចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅជនបទរស់នៅប្រកបដោយភាពសម្បូរសប្បាយ ដែលនេះគឺជាលះបង់របស់មន្រ្ដីរាជការ គ្រប់រូបរហូតធ្វើឲ្យទទួលបានការគាំទ្រ យ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមកថ្មីៗនេះ។

ក្នុងឱកាសសំណេះសំណាលនោះ លោករដ្ឋមន្រ្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានទាំងពីរ ដែលមានខ្លឹមសារដូចខាងក្រោម៖

១. ផ្អែកលើសមិទ្ធផលដែលមានស្រាប់ នាយកដ្ឋានត្រូវខិតខំជំរុញបង្កើតសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅជនបទឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ឈានសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
២. នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ត្រូវខិតខំពង្រឹងសមត្ថភាពគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.)។
៣. នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច ត្រូវខិតខំពង្រឹងសមត្ថភាពគណៈកម្មការអភិវឌ្ឍន៍សហគមន៍ ជនជាតិដើមភាគតិច និងត្រូវខិតខំរៀបចំបញ្ចប់ផែនទី ទីតាំងរស់នៅនៃសហគមន៍ជនជាតិ ដើមភាគតិច។
៤. សិក្សា បង្កើតឲ្យមានភូមិគំរូ ដោយជ្រើសរើសយកភូមិ ដែលមានសក្ដានុពល និងអំណោយផល លើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិផលផ្សេងៗ តាមស្ថានភាពភូមិសាស្ដ្រ ជាពិសេសនៅតំបន់សហគមន៍ជនជាតិដើមភាគតិច។
៥. រៀបចំបង្កើតវគ្គបណ្ដុះបណ្ដាលបំណិនជីវិត ឬជំនាញចាំបាច់ជូនដល់សហគមន៍ ឲ្យស្របតាមតម្រូវការ និងស្ថានភាពជាក់ស្ដែង។
៦. បណ្ដុះបណ្ដាលជំនាញទន់ ពាក់ព័ន្ធការផ្លាស់ប្ដូរឥរិយាបថ ការផ្លាស់ប្ដូរផ្នត់គំនិត សីលធម៌នៃការរស់នៅប្រកបដោយ កិច្ចសហការ និងសាមគ្គីភាពគ្នាខ្ពស់។
៧. ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានទាំងពីរ ត្រូវគោរពវិន័យ របៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ និងត្រូវរាយការណ៍ និងសុំយោបល់ឲ្យបានទាន់ពេលវេលា។
៨. នាយកដ្ឋាទាំងពីរ ត្រូវត្រៀមរបាយការណ៍ សមិទ្ធផលរបស់នាយកដ្ឋាន សម្រាប់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំបន្ត ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
៩. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

To Top