ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុកទំនាក់ទំនងកម្ពុជា-ជប៉ុន ជាស្ពានឬស្សី ត្រូវថែរក្សាសម្រាប់ការតភ្ជាប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ជាស្ពានឬស្សី ត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាមានស្ពានបេតុង ជាទំនាក់ទំនងការទូតល្អរវាងរដ្ឋ និងរដ្ឋ ក៏ដោយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃជំនួបសម្ដែងការគួរសមរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នាថ្ងៃ១៣ កញ្ញា លោកប្រធានសមាគម ក៏បានជម្រាបជូនអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូចនិងមធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលលោក បានសន្ទនាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោបានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគ ស្របតាមច្បាប់វិនិយោគកម្ពុជា ហើយបានបញ្ជាក់អំពីគោលបំណងចង់ឲ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន៖ (១) ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង (២) បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រដំឡើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិច និងថាមពលជាដើម។

សម្តេចតេជោ បានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយចាត់ទុក ជាស្ពានឬស្សី ដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាមានស្ពានបេតុង ដែលជាទំនាក់ទំនងការទូតល្អរវាងរដ្ឋ និងរដ្ឋក៏ដោយ។

សម្តេចតេជោក៏បានរំលឹកអំពីទស្សនវិស័យនៃការកសាងសន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងគំនិតផ្តួចផ្តើមនៃការបង្កើតសមាគមបណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ៕

To Top