ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជំនាញរបស់ក្រសួង មានវគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជនលើជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។
ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃ ក្រសួងស្វាគមន៍”។
លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាលមានភាពបត់បែនខ្ពស់ មានកម្រិតស្តង់ដាដែលសិក្ខាកាមអាចសិក្សាបាននៅពេលយប់ ឬចុងសប្តាហ៍។ ប្រការនេះ អាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាមក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។
ក្នុងជំនួបដដែលនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានភាពអនុគ្រោះខ្ពស់លើលក្ខខណ្ឌច្បាប់ និងអនុលោមភាពមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាសខ្នាតតូច ឬអ្នកប្រកបអាជីវកម្មផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតូចតាច អាចពង្រីកអាជីវកម្មរបស់ខ្លួន។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ត្រូវត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជន ដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការដ្ឋនិងឯកជន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីដោះស្រាយឱ្យចំគោលដៅ៕